ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជា នៅប្រទេសថៃ បានអន្តរាគមន៍ទៅអាជ្ញាធរថៃ ដើម្បីសម្របសម្រួល បញ្ជូនពលរដ្ឋខ្មែរចំនួន ៤០នាក់ ដែលត្រូវមេខ្យល់ បោកបញ្ឆោតយកឆ្លងដែនខុសច្បាប់ ត្រឡប់មកកម្ពុជាវិញ ។

លោក កុយ គួង បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា នៅប្រទេសថៃបានអន្តរាគមន៍ ទៅនគរបាលអន្តោប្រវេសន៍ថៃ ដើម្បីសម្របសម្រួល បញ្ជូនពលរដ្ឋខ្មែរចំនួន ១១នាក់ (ស្រី ២នាក់ និងកូនក្មេង ២នាក់) ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត យកទៅប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។

លោកបន្តថា ដោយឡែកកាលពីថ្ងៃទី២៥ វិច្ឆិកា អាជ្ញាធរមានសមត្ថកិច្ចថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ២៩នាក់ (ស្រី១៤នាក់) ដែលត្រូវបានមេខ្យល់ បោកបញ្ឆោតយកឆ្លងដែន ចូលប្រទេសថៃដោយខុសច្បាប់។

ភ្លាមៗស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ ក៏បានចុះទៅអន្តរាគមន៍ ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើ មកមាតុប្រទេសវិញ នៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល ៕
