ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ថា អង្គការការពារជនអន្តោប្រវេសន៍អន្តរជាតិ (IOM)បានឲ្យដឹងថា ក្រុមជនចំណាកស្រុកខុសច្បាប់ចំនួន១៥៨នាក់ បានចេញដំណើរដោយស្ម័គ្រចិត្ត ពីប្រទេសលីប៊ី ទៅកាន់ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃព្រហស្បតិ៍ ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា “នៅលើយន្តហោះនោះមានស្ត្រី១០៥នាក់ និងបុរស៥៣នាក់ ។ មានជនចំណាកស្រុកចំនួន១៧នាក់ដែលមានលក្ខខណ្ឌសុខភាព។ ជនចំណាកស្រុកបានទទួលការពិនិត្យសុខភាព និងសេវាប្រឹក្សា ព្រមទាំងការពិនិត្យការពារពីអង្គការ IOM ដែលពាក់ព័ន្ធ” ។
អង្គការបានឲ្យថា “នៅពេលមកដល់ប្រទេសនីហ្សេរីយ៉ា ជនចំណាកស្រុកដែលត្រលប់មកវិញមានសិទ្ធិទទួលបានជំនួយក្នុងការធ្វើសមាហរណកម្មឡើងវិញ ដើម្បីជួយពួកគេកសាងអនាគតដ៏ត្រចះត្រចង់” ។
ប្រទេសលីប៊ី បានទទួលរងនូវអសន្តិសុខ និងភាពចលាចលចាប់តាំងពីការដួលរលំរបស់លោក Muammar Gaddafi ក្នុងឆ្នាំ ២០១១។ ប្រទេសនេះបានប្រែក្លាយទៅជាចំណុចល្អបំផុតនៃការចាកចេញសម្រាប់ជនចំណាកស្រុកខុសច្បាប់ដែលចង់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេទៅកាន់តំបន់អឺរ៉ុប។
គិតមកទល់ពេលនេះ នៅក្នុងឆ្នាំនេះ ជនចំណាកស្រុកខុសច្បាប់ជាង៣០.០០០នាក់ត្រូវបានជួយសង្គ្រោះ និងត្រឡប់ទៅប្រទេសលីប៊ីវិញ នេះបើយោងតាមទីភ្នាក់ងារនេះបានបញ្ជាក់ដូច្នេះ ៕