ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យដកហូតដីព្រៃ ដែលជនខិលខូច ទន្ទ្រានកាន់កាប់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ខេត្តត្រូវដកហូតដីព្រៃលិចទឹក ដែលជនខិលខូចលួចកាប់ទន្ទ្រាន នៅតំបន់បឹងទន្លេសាបត្រឡប់មកវិញទាំងអស់។

តាមរយៈសារសំឡេង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា យោងតាមរបាយការណ៍ស្រាវជ្រាវ អំពីបឹងទន្លេសាប របស់រាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយលោក សុខ ទូច បានរកឃើញពីស្ថានភាព ដែលមានការព្រួយបារម្ភ និងដោះស្រាយជាបន្ទាន់នោះ គឺការកាប់ព្រៃលិចទឹក ដែលជាតំបន់ស្នូល និងតំបន់ការពារ ក្នុងខេត្តមួយចំនួន ជាពិសេស ខេត្តកំពង់ឆ្នាំង គឺមិនអត់ឱនបានឡើយ សម្រាប់មន្ដ្រីធ្វើការងារពាក់ព័ន្ធ ជាមួយការគ្រប់គ្រងការងារដែនដី ឬក៏មន្ដ្រីដទៃទៀតដែលបានចូលទៅពាក់ព័ន្ធ ដើម្បីកាប់ទន្រ្ទានយកដីធ្លីនៅទីនោះ។

សម្ដេចតេជោ បានបន្ដថា ប្រជាពលរដ្ឋក៏ដូចគ្នា គឺមិនអាចទទួលយកបានឡើយ ដែលទៅកាប់ទន្ទ្រានដីព្រៃលិចទឹកនៃតំបន់ទន្លេសាប។ 

សម្ដេចតេជោ បានបញ្ជាក់ថា «ដូច្នេះ ដើម្បីការពារបឹងទន្លេសាបរបស់យើង ដែលកំពុងរងគ្រោះស្រាប់ដោយការគោករាក់ និងការបាត់បង់ព្រៃឈើ ដែលការបំផ្លិចបំផ្លាញ ពីក្រុមជនអាណាធិបតេយ្យ ទៅហើយនោះ ចាំបាច់ត្រូវមានការវិធានការ ដែលខ្ញុំដាក់ចេញដំបូង ប្រគល់ឲ្យអភិបាលខេត្ត នៅតាមតំបន់ទន្លេសាបទាំងអស់ ទទួលខុសត្រូវទៅលើបញ្ហាពិនិត្យមើល និងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានដីព្រៃលិចទឹក ដែលនឹងនាំ និងឈានទៅដល់ការកើតឡើងវិញ បន្ទាប់ពីទឹកស្រក»។

សម្ដេចតេជោ បានបន្ថែមថា «ត្រូវគ្រប់គ្រងផងដែរជាមួយនឹងដី ដែលបានកាប់រួចហើយ អាជ្ញាធរខេត្តក៏ជាប្រធានគណៈកម្មធិការសូរិយាដីថ្នាក់ខេត្ត ហើយជាមួយនោះ ក៏មានមន្ទីរជំនាញដែលមានការពាក់ព័ន្ធ ដូចជា ៖ បរិស្ថាន ធនធានទឹក កសិកម្ម និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម នៅតាមខេត្ត ដែលត្រូវប្រើប្រាស់កម្លាំងទាំងអស់នេះ គឺជាកម្លាំងរបស់ខ្លួន ដែលមានការគាំទ្រ ពីកម្លាំងកងទ័ព នគរបាល អាវុធហត្ថ ដើម្បីធ្វើការបង្ក្រាប មិនមែនជាការអប់រំទេ យើងគ្មានពេលវេលាអប់រំបន្ថែមនោះទេ»។

សម្ដេចតេជោ ក៏បានបញ្ជាឲ្យ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវដឹកនាំការប្រជុំជាបន្ទាន់ ជាមួយក្រសួងស្ថាប័ន្ធ ពាក់ព័ន្ធ និងអាជ្ញាធរទន្លេសាប ហើយទៅចុះត្រួតពិនិត្យ នៅតំបន់ទន្លេបសាប៕

To Top