ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក តែវដូរ៉ូ ឡក់ស៊ីន ជេអរ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ (3rd JCBC) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
យោងតាមសេចក្ដីប្រកាសពត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៩ វិច្ឆិកានេះ បានឲ្យដឹងថា កិច្ចប្រជុំ 3rd JCBC មានគោលបំណង បន្តពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលមានស្រាប់ ព្រមទាំងរិះរកមធ្យោបាយ ដើម្បីពង្រីកបន្ថែមទៀតនូវវិសាលភាព និងពង្រឹងប្រសិទ្ធភាពនៃ កិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យនានា សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងវិបុលភាពនៃ ប្រជាជនទាំងពីរ។
កិច្ចប្រជុំ ក៏នឹងពិនិត្យមើលឡើងវិញ នូវវឌ្ឍនភាពដែលសម្រេចបាន នៅក្នុងការអនុវត្តលើកំណត់ហេតុ នៃកិច្ចប្រជុំ JCBC លើកទី២ ដែលបានចុះហត្ថលេខា នៅឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ កិច្ចប្រជុំ ក៏នឹងផ្តល់ឱកាសដល់ភាគីទាំងពីរ ផ្លាស់ប្តូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិផងដែរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក ប្រាក់ សុខុន និងលោក តែវដូរ៉ូ ឡក់ស៊ីន ជេអរ នឹងអញ្ជើញចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ហ្វីលីពីន លើកទី៣ ៕