ព័ត៌មានជាតិ

រាជរដ្ឋាភិបាល មានគោលនយោបាយជាច្រើន ដើម្បីបង្កើតមូលនិធិបន្ថែមទៀត ក្នុងប្រព័ន្ធហិរញ្ញវត្ថុ

ភ្នំពេញ ៖ លោក ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកនៃសហគ្រិនខ្មែរ (KE) បានថ្លែងថា រាជរដ្ឋាភិបាល មានគោលនយោបាយជាច្រើន ដើម្បីបង្កើតមូលនិធិបន្ថែមទៀត នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងបន្ធូរបន្ថយលក្ខខណ្ឌកាតព្វកិច្ចសម្រាប់ស្ថាប័នហិរញ្ញវត្ថុ។

ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់ (MOU) ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រិន និងសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងប្រទេសកម្ពុជា នាពេលថ្មីៗនេះ លោក ឈៀង វណ្ណមុនិណ្ឌ បានឲ្យដឹងថា ភាពជាដៃគូរវាងសហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ មានគោលបំណងផ្តល់លទ្ធភាពទទួលបានព័ត៌មានហិរញ្ញវត្ថុ រួមមានថ្លៃសេវា អត្រាការប្រាក់ ការយល់ដឹងអំពីហានិភ័យផ្សេងៗ និងបរិធានហិរញ្ញវត្ថុផ្សេងៗដែលមានសម្រាប់ធុរកិច្ចថ្មីៗ ព្រមទាំងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

លោកបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយជាច្រើនក្នុងការបង្កើតមូលនិធិបន្ថែមទៀតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងការបន្ធូរបន្ថយលក្ខខណ្ឌកាតព្វកិច្ចសម្រាប់ស្ថាប័នហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់គឺវាអាស្រ័យលើស្ថាប័នហិរញ្ញវត្ថុក្នុងការបន្តយកអត្ថប្រយោជន៍ទាំងនោះទៅឱ្យសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីៗក្នុងប្រទេសកម្ពុជា»។

នាឱកាសនោះ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក៏បានលើកឡើងថា «សេដ្ឋកិច្ចដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាមានន័យថា សហគ្រាសធុនតូច និងមធ្យម និងធុរថ្មីៗ កាន់តែមានតួនាទីសំខាន់ក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ ដោយបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ វិស័យមីក្រូហិរញ្ញវត្ថុបាននឹងកំពុងវិវឌ្ឍពីការផ្តល់សេវាហិរញ្ញវត្ថុ ចំពោះតែប្រជាជនមានចំណូលទាប ឈានទៅដល់ការផ្តល់ជូនសេវាហិរញ្ញវត្ថុស្ទើរគ្រប់ប្រភេទ សម្រាប់ប្រជាជនទូទៅទាំងអស់។ អនុស្សរណៈនៃការយោគយល់គ្នារវាង CMA និង KE នឹងរឹតបន្តឹងទំនាក់ទំនងនៃវិស័យទាំងពីរ ដោយធានាបាននូវសេវាហិរញ្ញវត្ថុកាន់តែប្រសើរដល់សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មី»។

លោកបន្ដថា វិស័យមីក្រូហិរញ្ញវត្ថុបាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម។ លោកថា តួយ៉ាង CMA បានដើរតួនាទីយ៉ាងសំខាន់ក្នុងគំនិតផ្តួចផ្តើមថ្មីៗ នៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ក៏ដូចជាសាជីវកម្ម ធានាឥណទានកម្ពុជា (CGCC) ដែលគំនិតផ្តួចផ្តើមទាំងពីរនេះមានគោលបំណងក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យម៕

To Top