ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជំរុញឲ្យអង្គការ Japan Mine Action Service (JMAS) ប្រចាំកម្ពុជា បន្តគាំទ្រដល់ការងារ បោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា ដោយត្រូវសហការយ៉ាងជិតស្និទ្ធិ ជាមួយអាជ្ញាធរមីន និងមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ យោងតាមគេហទំព័រហ្វេសប៊ុក លោកទេសរដ្ឋមន្ត្រី លី ធុជ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក YOSHIOKA Yoshito ប្រធានអង្គការ JMAS ប្រចាំកម្ពុជាថ្មី នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រ ស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជន និង ប្រទេសកម្ពុជា ក្នុងនោះ ជប៉ុនបានចូលរួមយ៉ាងសកម្ម ដល់ការងារសកម្មភាពមីន មនុស្សធម៌នៅកម្ពុជា ដើម្បីផ្តល់ដីសម្រាប់បង្កបង្កើនផល ជួយសង្រ្គោះអាយុជីវិត និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា។
លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា «ខ្ញុំបានជំរុញឲ្យអង្គការ JMAS បន្តគាំទ្រដល់ការងារ បោសសម្អាតមីនមនុស្ស ធម៌នៅកម្ពុជា ដោយត្រូវសហការយ៉ាងជិតស្និទ្ធិ ជាមួយអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC)»។
លោកទេសរដ្ឋមន្ដ្រី ក៏បានប្រាប់ប្រធានអង្គការ JMAS ថ្មី អំពីសមិទ្ធផលសម្រេចបាន នៃការងារបោសសម្អាតមីន បន្ទាប់ពីការដួលរលំ នៃរបបកម្ពុជា ប្រជាធិបតេយ្យ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ការងារបោសសម្អាតមីន ជាការងារអាទិភាពមួយក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ ព្រមទាំងបានដាក់ចេញចក្ខុវិស័យយ៉ាងច្បាស់លាស់ ដើម្បីបញ្ចប់ការងារបោសសម្អាតមីន ឲ្យអស់ត្រឹមឆ្នាំ២០២៥ ដូចមានចែងក្នុងផែនការ យុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ព្រមទាំងបាននិងកំពុងខិតខំរិះ រកនូវវិធីសាស្រ្តកាត់បន្ថយផ្ទៃដី ក៏ដូចជាកាត់បន្ថយការ ប្រើប្រាស់ធនធានបោសសម្អាតមីន ដោយសហការជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍៕