ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើបដិសណ្ឋារកិច្ចផ្លូវការ ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព រាជធានីភ្នំពេញនា រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ថ្ងៃទី ២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ ក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ។ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា៕