ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសផ្ដល់ជំនួយ ចំនួន១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស ព្រមទាំងរថយន្ត ចំនួន២គ្រឿងថែមទៀត ជូនប្រទេសឡាវ។
ក្នុងចំណោមថវិកា ១៣លានដុល្លាររបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្ដល់ជូនប្រទេសឡាវ នាពេលនេះ មានថវិកា ១០លានដុល្លាររបស់ ក្រុមហ៊ុនឯកជន។
ក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្ដិភាព សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ប្រកាសផ្ដល់ជំនួយចំនួន១៣លានដុល្លារដល់ប្រទេសឡាវ ដែលក្នុងនោះ៣លាន ដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀត គឺជាថវិការបស់ក្រុមហ៊ុនឯកជន»។
សម្ដេចតេជោ បានបន្ដថា ជាមួយគ្នានេះ កម្ពុជា ក៏បានសម្រេចប្រកាសផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ ម៉ឺនដូស និងរថយន្ត ពីរគ្រឿងថែមទៀតជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ផងដែរ។
នាឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើសុំ សម្ដេចតេជោ ធ្វើយ៉ាងណាពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ រួមមាន ៖ ទី១-បន្ត ការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាជំរុញ និងបញ្ចប់ការងារដែលបានព្រមព្រៀងគ្នាកន្លងមក ,ទី២-គឺបន្តពិភាក្សាគ្នាធ្វើយ៉ាងណាឱ្យបញ្ចប់កិច្ចព្រមព្រៀង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ,ទី៣-ជំរុញបន្តកិច្ចប្រជុំតាមរយៈយន្តការដែលមានស្រាប់, ទី៤-ជំរុញឲ្យគណៈកម្មការចម្រុះព្រំដែនបន្តធ្វើការធ្វើយ៉ាងណាតាមគោលដៅដែលថ្នាក់ដឹកនាំបានសម្រេច, ទី៥-ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ,ទី៦-ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ វិស័យទេសចរណ៍ និងវិស័យដទៃទៀតដែលជាសក្តានុពលសម្រាប់ប្រទេសទាំងពីរ, ទី៧-ជំរុញ វិស័យឯកជន ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ និងគាំទ្រវិនិយោគិនប្រទេសទាំងពីរ និងទី៨- ជំរុញកិច្ចសហប្រតិបត្តិការ លើវេទិកាតំបន់ និងអន្តរជាតិ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រចំណុចទាំង៨ ដែលលោកនាយករដ្ឋមន្ត្រីឡាវបានលើកឡើង។
ទាក់ទងទៅនឹងវិស័យទេសចរណ៍ សម្ដេចតេជោ បានស្នើសុំឲ្យ លោក វីផាវ៉ាន់ ពិចារណា ឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមកពីព្រោះវិស័យនេះជាវិស័យដែលបំពេញឲ្យគ្នាទៅវិញទៅមក។
ដោយឡែកទាក់ទងទៅនឹងវិស័យវិនិយោគ សម្ដេចតេជោ បានគាំទ្រលើវិស័យនេះ ហើយជំរុញឲ្យធ្វើយ៉ាងណា ឲ្យមានការវិនិយោគរវាងប្រទេសទាំងពីរ គាំទ្រវិនិយោគនៃប្រទេសទាំងពីរ ព្រោះថាការវិនិយោគនេះ ជាមូលដ្ឋានសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម៕