ព័ត៌មានជាតិ

កម្ពុជា​ផ្ដល់ជំនួយ​ ១៣លានដុល្លារ​ និងវ៉ាក់សាំង​ ៥០ម៉ឺនដូស​ ដល់ឡាវ

ភ្នំពេញ​ ៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​ បានប្រកាសផ្ដល់ជំនួយ​ ចំនួន១៣លានដុល្លារ​ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស ព្រមទាំង​រថយន្ត​ ចំនួន២គ្រឿងថែមទៀត​ ជូនប្រទេសឡាវ។

ក្នុងចំណោម​ថវិកា​ ១៣លានដុល្លាររបស់រាជរដ្ឋាភិបាលកម្ពុជា​ ប្រកាសផ្ដល់ជូនប្រទេសឡាវ​ នាពេលនេះ​ មានថវិកា​ ១០លានដុល្លាររបស់​ ក្រុមហ៊ុនឯកជន​។

ក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ នាថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅវិមានសន្ដិភាព​ សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងថា​ «ប្រកាសផ្ដល់ជំនួយចំនួន១៣លានដុល្លារដល់ប្រទេសឡាវ ដែលក្នុងនោះ៣លាន ដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀត គឺជាថវិការបស់ក្រុមហ៊ុនឯកជន»។

សម្ដេចតេជោ​ បានបន្ដថា​ ជាមួយគ្នានេះ កម្ពុជា ក៏បានសម្រេចប្រកាសផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ ម៉ឺនដូស និងរថយន្ត ពីរគ្រឿងថែមទៀតជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

នាឱកាសនោះដែរ​ លោកនាយករដ្ឋមន្ត្រីឡាវ​ ក៏បានស្នើសុំ​ សម្ដេចតេជោ ធ្វើយ៉ាងណាពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ​ រួមមាន​ ៖​ ទី១-បន្ត ការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាជំរុញ និងបញ្ចប់ការងារដែលបានព្រមព្រៀងគ្នាកន្លងមក ,ទី២-គឺបន្តពិភាក្សាគ្នាធ្វើយ៉ាងណាឱ្យបញ្ចប់កិច្ចព្រមព្រៀង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ​ ,ទី៣-ជំរុញបន្តកិច្ចប្រជុំតាមរយៈយន្តការដែលមានស្រាប់, ទី៤-ជំរុញឲ្យគណៈកម្មការចម្រុះព្រំដែនបន្តធ្វើការធ្វើយ៉ាងណាតាមគោលដៅដែលថ្នាក់ដឹកនាំបានសម្រេច, ទី៥-ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ,ទី៦-ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ វិស័យទេសចរណ៍ និងវិស័យដទៃទៀតដែលជាសក្តានុពលសម្រាប់ប្រទេសទាំងពីរ, ទី៧-ជំរុញ វិស័យឯកជន ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ និងគាំទ្រវិនិយោគិនប្រទេសទាំងពីរ​ និងទី៨- ជំរុញកិច្ចសហប្រតិបត្តិការ លើវេទិកាតំបន់ និងអន្តរជាតិ។

ជាការឆ្លើយតប សម្ដេចតេជោ​ ហ៊ុន​ សែន​ បានគាំទ្រចំណុចទាំង៨​ ដែលលោកនាយករដ្ឋមន្ត្រីឡាវបានលើកឡើង។

ទាក់ទងទៅនឹងវិស័យទេសចរណ៍​ សម្ដេចតេជោ​ បានស្នើសុំឲ្យ លោក វីផាវ៉ាន់ ពិចារណា ឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមកពីព្រោះវិស័យនេះជាវិស័យដែលបំពេញឲ្យគ្នាទៅវិញទៅមក។

ដោយឡែកទាក់ទងទៅនឹងវិស័យវិនិយោគ​ សម្ដេចតេជោ​ បានគាំទ្រលើវិស័យនេះ ហើយជំរុញឲ្យធ្វើយ៉ាងណា ឲ្យមានការវិនិយោគរវាងប្រទេសទាំងពីរ គាំទ្រវិនិយោគនៃប្រទេសទាំងពីរ ព្រោះថាការវិនិយោគនេះ ជាមូលដ្ឋានសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម៕

To Top
×