ព័ត៌មានជាតិ

កម្ពុជា ស្នើ WB កែច្នៃសាច់ សត្តឃាតដ្ឋានសត្វ ដើម្បីលើកកម្ពស់ប្រាក់ ចំណូលកសិករ ក្នុងតំបន់ដី សម្បទានសង្គមកិច្ច

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើធនាគារពិភពលោក (WB) ពិចារណាកែច្នៃសាច់ សត្តឃាតដ្ឋានសត្វ វារីវប្បកម្ម ប្រជាពលវប្បកម្មកសិកម្ម ដើម្បីលើកកម្ពស់ប្រាក់ចំណូល កសិករងាយរងគ្រោះ ក្នុងតំបន់ដីសម្បទានសង្គម ។ យោងតាមគេហទំព័រហ្វេសប៊ុក លោក វេង សាខុន ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Mariam J. Sherman នាយិកាធនាគារ ពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើត រួមទាំង ប្រចាំកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វេង សាខុន បានស្វាគមន៍រាល់ជំនួយឧបត្ថម្ភពី WB និងការចូលរួមពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ។

លោកក៏បានស្នើឲ្យ WB ពិនិត្យពិចារណាលើកម្មវត្ថុ នៃកម្មវិធីបាននិងកំពុងអនុវត្ត និងកម្មវិធីផ្សេងៗ ដែលគ្រោងនឹងជួយដល់កម្ពុជានាពេលអនាគត ធ្វើយ៉ាងណាឲ្យស្របទៅ នឹងបរិបទនាពេលបច្ចុប្បន្ន គឺការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងនាំចេញ បរិយាប័ន្ន ធន់នឹងការប្រែប្រួល អាកាសធាតុ និងនិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ ចំណូល វិបុលភាព និងសុខុមាលភាពយូរអង្វែង សម្រាប់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចជាតិ។

លោកបញ្ជាក់ថា «ស្នើឲ្យ WB ពិចារណាផងដែរ លើអនុវិស័យផលិតកម្មសត្វ ការកែច្នៃសាច់ សត្តឃាតដ្ឋានសត្វ វារីវប្បកម្ម ប្រពលវប្បកម្មកសិកម្ម ដើម្បីលើកកម្ពស់ប្រាក់ចំណូល សម្រាប់កសិករងាយរងគ្រោះ ដែលរស់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច និងដោយឡែក គឺធ្វើឲ្យប្រសើរឡើងនូវគុណភាព និងសុវត្ថិភាពសាច់ ផលិតផលសាច់ ធានាសុខភាពដល់អ្នកបរិភោគ» ។

នាឱកាសនោះដែរ លោកស្រី Mariam J. Sherman បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃការ ការអនុវត្តកម្មវិធីផ្សេងៗ សំដៅដល់ការកែប្រែកម្រិតជីវភាព កំណើនប្រាក់ចំណូល និងជំរុញកំណើនកសិកម្មប្រកប ដោយភាពប្រកួតប្រជែង និងបរិយាប័ន្ន ដែលផ្តល់នូវផលិតផលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីធ្លី ទឹក ធនធានព្រៃឈើ និងជលផលប្រកប ដោយនិរន្តរភាព។

ចំពោះសំណើ និងមតិកែលម្អ ឬធាតុចូលរួមសំខាន់ៗ របស់ លោករដ្ឋមន្រ្តី និងក្រុមការងារ លោកស្រី នឹងយកទៅពិនិត្យ ពិចារណាជាមួយក្រុមការងារ ធ្វើយ៉ាងណាកែលម្អឲ្យសមស្រប ឆ្លើយតបតាមតម្រូវការជាក់ស្តែង នៅក្នុងវិស័យ ជាពិសេសឲ្យស្របទៅនឹងស្ថានភាពជាក់ស្តែងនៃវិបត្តិជំងឺឆ្លងកូវីដ-១៩៕

To Top