ព័ត៌មានជាតិ

ឡាវ ឃើញកម្ពុជា មានការរីកចម្រើនខ្លាំង ពិសេសភ្នំពេញ ផ្លាស់ប្ដូរមុខមាត់យ៉ាងស្រស់បំព្រង (Video)

ភ្នំពេញ ៖ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ បានមើលឃើញកម្ពុជាថា មានការរីកចម្រើន យ៉ាងខ្លាំង ពិសេស រាជធានីភ្នំពេញ បានផ្លាស់ប្តូរមុខមាត់យ៉ាងស្រស់បំព្រង ជាមួយសមិទ្ធផលលេច រូបរាងឡើងយ៉ាងច្រើន។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា លោក ផនខាំ វីផាវ៉ាន់ បានថ្លែងថា «នៅពេលអញ្ជើញ មកដល់រាជធានីភ្នំពេញ បានឃើញកម្ពុជា មានការរីកចម្រើនខ្លាំង ជាពិសេសរាជធានីភ្នំពេញ បានផ្លាស់ប្តូរមុខមាត់ យ៉ាងស្រស់បំព្រងជាមួយ សមិទ្ធផលលេចរូបរាងឡើង យ៉ាងច្រើន ដែលបង្ហាញពីជោគជ័យយ៉ាងធំធេងនៅក្នុងការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋសភា» ។

លោកបន្ដថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា នាពេលនេះ ទទួលបានជោគជ័យយ៉ាងធំធេង នៅក្នុងការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងបងប្អូន រវាងប្រទេស ទំាងពីរ លើគ្រប់វិស័យ ទាំងការងារសង្គម ពាណិជ្ជកម្ម ពិសេសរដ្ឋាភិបាលទំាងពីរ បានសន្យាខិតខំ ដោះស្រាយបញ្ហា នៅសេសសល់លើកិច្ចការព្រំដែន ដើម្បីប្រែក្លាយបន្ទាត់ព្រំដែន ជាព្រំដែនសន្តិភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ និង ភាពជាបងប្អូន។

ឆ្លៀតឱកាសនោះ សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រី ឡាវ នាពេលនេះ គឺបង្ហាញពីការចាប់ផ្តើមឡើងវិញ នូវការផ្លាស់ប្តូរ ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បន្ទាប់ពីមានភាពធូរស្បើយនៃវិបត្តិជំងឺ រាតត្បាតកូវីដ-១៩ ដើម្បីបន្តជំរុញ បន្ថែមទៀត នូវទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេរដងថែមទៀត។

សម្ដេចបន្ថែមថា ចំពោះស្ថាប័ននីតិប្បញ្ញតិ្ត ប្រទេសទាំងពីរវិញ បាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការ ដ៏ល្អជាមួយគ្នា បើទោះបីស្ថិតក្នុង ដំណាក់កាលកូវីដ-១៩ ក៏ដោយ តាមរយៈការសន្ទនា ផ្លាស់ប្តូរបទពិសោធន៍ អំពីការងារនីតិកម្ម ទាំងកំរិតថ្នាក់ដឹកនាំគណៈកម្មការជំនាញ និងមន្រ្តីបច្ចេកទេស នៃស្ថាប័នទាំងពីរ ៕

To Top