ព័ត៌មានជាតិ

EU បន្ដគាំទ្រ កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈកម្ពុជា ព្រោះជាឆ្អឹងខ្នង សេដ្ឋកិច្ច-សង្គម (Video)

ភ្នំពេញ ៖ លោកស្រី Carmen MORENO ឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុប (EU) ប្រចាំកម្ពុជា បានប្រកាសបន្ដគាំទ្រ ដល់កម្មវិធីកែទម្រង់ការ គ្រប់គ្រ ងហិរញ្ញវត្ថុ សាធារណៈ នៅកម្ពុជា ព្រោះជាឆ្អឹងខ្នង សម្រាប់អភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នាពេលថ្មីៗនេះ លោកស្រី Carmen MORENO បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតដល់សម្រេចបាន នូវសមិទ្ធផលជាច្រើន និងចាត់ទុកថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺជា «ឆ្អឹងខ្នង» ដើម្បីគាំទ្រការកែទម្រង់ វិស័យផ្សេងទៀត សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប្រកបដោយជោគជ័យ ចីរភាព និងបរិយាប័ន្ន។

លោកស្រីបញ្ជាក់ថា «សម្រាប់ជំហានបន្ទាប់ សហភាពអឺរ៉ុប នឹងបន្តការគាំទ្រដល់ កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្របខណ្ឌលទ្ធផលនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងថ្មី រវាងរាជរដ្ឋាភិបាល កម្ពុជា និងសហភាពអឺរ៉ុប នឹងផ្តោតលើសមាសធាតុគន្លឹះ នៃការកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុ សាធារណៈ រួមមាន៖ ការពង្រឹងការកៀរគរ ចំណូលក្នុងស្រុក, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ, ថវិកាផ្សារភ្ជាប់ទៅនឹង គោលនយោបាយ, ការគ្រប់គ្រងវិនិយោគសាធារណៈ ផ្សារភ្ជាប់ជាមួយការប្រែប្រួលអាកាសធាតុ និងការពង្រឹងប្រសិទ្ធភាព លទ្ធកម្មសាធារណៈ»។

ផ្ទាំងពាណិជ្ជកម្ម

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា កន្លងមក ពិសេសគាំទ្រ ទាំងជាជំនួយហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ដល់ការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានគូសបញ្ជាក់ថា ការដ្ឋានកែទម្រង់អាទិភាព ដែលបានស្នើឡើង ដោយប្រតិភូសហភាពអឺរ៉ុប ស្របតាមអាទិភាព នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ ដំណាក់កាលទី ៣ បូក ២ និងយុទ្ធសាស្រ្តស្នូល នៃកម្មវិធីកែទម្រង់ការ-គ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈកម្ពុជា។

ជាមួយគ្នានេះ ដើម្បីឲ្យការរៀបចំក្របខណ្ឌលទ្ធផល សម្រាប់កិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងថ្មីនេះ បានឆាប់រហ័ស លោកឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់ក្រុមការងារ បច្ចេកទេសទាំងពីរភាគី ខាងរាជរដ្ឋាភិបាល និងសហភាពអឺរ៉ុបចាប់ផ្តើមធ្វើការ រួមគ្នាឲ្យបានឆាប់៕

To Top
×