ព័ត៌មានជាតិ

កម្ពុជា ស្វាគមន៍ឥណទានរបស់ជប៉ុន ក្នុងទំហំទឹកប្រាក់ ២០ប៊ីលានយ៉េន ដើម្បីសេដ្ឋកិច្ច និងប្រយុទ្ធប្រឆាំងជំងឺកូវីដ

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្វាមគន៍ចំពោះការពិចារណារបស់ជប៉ុននូវផែនការ ផ្ដល់ឥណទានសម្បទាន ដំណាក់កាលទី២ សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ ២០ប៊ីលានយ៉េន ដល់កម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា អមដោយលោកស្រី KAME Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា នាថ្ងៃទី២៩ វិច្ឆិកា លោក អូន ព័ន្ធមុនីរ័ត្នថ្លែងថា ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានបន្តជួយគាំទ្រជាហិរញ្ញប្បទានបន្ថែមទៀត ដល់ការអភិវឌ្ឍនសេដ្ឋកិច្ច-សង្គម រួមមាន ៖ វិស័យសុខាភិបាល និងទឹកស្អាត ជាដើម។

លោកគូសបញ្ជាក់ថា «កម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការពិចារណារបស់ភាគីជប៉ុន ចំពោះ ផែនការផ្តល់ឥណទានសម្បទាន (ដំណាក់កាលទី២) សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ ២០ប៊ីលានយ៉េនជប៉ុន ដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច និងវិធានការត្រួតពិនិត្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កិច្ចព្រមព្រៀងឥណទានសម្បទាននេះ គ្រោងនឹងចុះហត្ថលេខា ក្នុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ»។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតជប៉ុន ក៏បានពិភាក្សាលើយន្តការស្តារ និងការអភិវឌ្ឍលើវិស័យនានា ក្រោយជំងឺកូវីក-១៩ ថមថយ ជាពិសេស ការស្តារ និងការជំរុញការវិនិយោគនៅកម្ពុជា ជាដើម៕

To Top