ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ង្វៀន ហ៊ុយតាំង អគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា បានថ្លែងថា ក្រោមម្លប់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជានឹងមានវឌ្ឍនភាពរីកចំរើនបន្ថែមទៀត។
នាឱកាសជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង នាថ្ងៃទី៣០ វិច្ឆិកា នៅទីស្ដីការក្រសួង លោក ង្វៀន ហ៊ុយតាំង បានបញ្ជាក់ថា «សូមវាយតម្លៃខ្ពស់ ចំពោះការរីកចំរើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងការដឹកនាំរបស់ សម្ដេចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងសម្ដេចប្រមុខរាជរដ្ឋាភិបាល ជាមួយសេចក្ដីសង្ឃឹមជឿជាក់ថា កម្ពុជានឹងមានវឌ្ឍនភាពរីកចំរើនបន្ថែមទៀត»។
លោកក៏បានអបអរសាទរចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយវៀតណាម ក៏បានសម្ដែងការដឹងគុណកម្ពុជាដែលបានផ្ដល់គាំទ្រដល់បុព្វហេតុ នៃការតស៊ូទាមទារឯករាជ្យរបស់វៀ តណាមផងដែរ។
លោកបន្តថា ជាការពិតប្រទេសទាំងពីរ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ រាប់ទាំងនយោបាយ សេដ្ឋកិច្ច ការទូត និងសន្តិសុខ ហើយថានៅក្នុងអាណត្តិការទូតនេះ លោកនឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកចំរើនទៅមុខបន្ថែមទៀត។
ចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ លោកទូត បានរីករាយចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និតរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ លោកលើកទឹកចិត្តការអនុវត្តយន្តការទាំងឡាយ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ទាំងលើការងារសន្តិសុខ ការងារផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក និងការពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២២ខាងមុខ ទទួលជោគជ័យ។
ជាការឆ្លើយតប សម្ដេច ស ខេង បានគាំទ្រចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតវៀតណាម ហើយចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ សម្ដេចថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម មានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ និងបានអនុវត្តយន្តការសហប្រតិបត្តិការយ៉ាងទៀតទាត់ក្នុងក្របខណ្ឌនៃការងារសន្តិសុខ៕