ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់អាជ្ញាធរត្រូវ ស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិនទាន់ មកទទួលសេវាព្យាបាល ខណៈសម្ដេចថា កម្ពុជាគឺជាប្រទេសឈានមុខ កំពុងផ្លាស់ប្ដូរមុខមាត់កម្មវិធីអេដស៍ ពីការពឹងផ្អែកលើតែជំនួយខាងក្រៅ មកជាកម្មវិធីអេដស៍ ដែលមានភាពធន់ និងមានចីរភាព។
យោងតាមសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ បានកោតសរសើរចំពោះ ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងចរន្តជាតិនៃការប្រយុទ្ធប្រឆាំង នឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលដែលមានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ជាសេនាធិការ។
សម្ដេចតេជោបញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវខិតខំថែមទៀត ក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិន ទាន់មកទទួលសេវាព្យាបាល និងក្នុងការបញ្ចៀសកុំ ឲ្យមានការបោះបង់ការព្យាបាល របស់អ្នកផ្ទុកមេរោគអេដស៍ ទាំងអស់ចំនួនប្រមាណ ១២ ០០០នាក់»។
សម្ដេចតេជោបន្ដថា ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ត្រូវតែដើរតួនាទីនាំមុខ ជាអ្នកសម្របសម្រួលកម្មវិធី បង្ការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ក្នុងចំណោមប្រជាជនគន្លឹះ ដូចជា ក្រុមបុរសរួមភេទជាមួយ បុរសក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើសេវា កម្សាន្តសប្បាយជាដើម ។
សម្ដេចតេជោបន្ថែមថា ដើម្បីឈានទៅសម្រេចជោគជ័យ នៃការបង្ការទប់ស្កាត់ការរីករាលដាលនេះ ស្ថាប័នរដ្ឋទាំងអស់ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវតែសហការឲ្យបានជិតស្និទ្ធ ជាមួយប្រតិបត្តិករ ព្រមទាំងជាមួយសហគមន៍ នៃប្រជាជនគន្លឹះទាំងអស់ ក្នុងការផ្សព្វផ្សាយសារសុវត្ថិភាព នៃការរួមភេទ ដូចជា ការប្រើប្រាស់ស្រោមអនាម័យ កម្មវិធី PrEP ឬPEP ឬការធ្វើតេស្តរកមេរោគអេដស៍ ដោយខ្លួនឯងជាដើម។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ -សង្កាត់ ធ្វើការរួមគ្នាជាពហុវិស័យ សហការយ៉ាងជិតស្និទ្ធជាមួយ កាកបាទក្រហមកម្ពុជា, អង្គការមិនមែនរដ្ឋាភិបាល, សង្គមស៊ីវិល, វិស័យឯកជន, អ្នកផ្ទុកមេរោគអេដស៍, ក្រុមប្រជាជនគន្លឹះ និងសហគមន៍ ដើម្បីលុបបំបាត់ ការចម្លងមេរោគអេដស៍ និងយកជ័យជម្នះលើមេរោគអេដស៍ ឲ្យបានតាមកាលកំណត់ ៕