ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ឲ្យមន្ត្រីពិនិត្យលទ្ធភាព យកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនមនុស្សចាស់ដល់ផ្ទះ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសចុះចែកអំណោយ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់មនុស្សចាស់ជរា ក្នុងមូលដ្ឋានខណ្ឌដង្កោ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន គ្រប់ខណ្ឌ ចុះពិនិត្យលទ្ធភាព នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅផ្តល់ជូនមនុស្សចាស់ ដែលពិបាកធ្វើដំណើរ មកមណ្ឌលសុខភាពដល់គេហដ្ឋាន ។

ពិធីប្រគល់អំណោយនេះ ជូនដល់សមាជិក សមាជិកា សមាគមមនុស្សចាស់មានជីវភាពក្រីក្រ ក្នុងខណ្ឌដង្កោ ចំនួន១២០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន៥ម៉ឺនរៀល អាវរងា១ ភួយ១ និងក្រមា១។

នាឱកាសនោះ លោក ឃួង ស្រេង លើកឡើងថា ក្នុងបរិបទកូវីដ១៩ អាជ្ញាធរមូលដ្ឋាន ត្រូវចុះពិនិត្យឲ្យដឹងសុខទុក្ខរបស់និវត្តន៍ជន ក៏ដូចជាមនុស្សចាស់ ក្នុងមូលដ្ឋាន ទោះបីពួកគាត់សុទ្ធតែមានរបបបេឡា សន្តិសុខសង្គម ប៉ុន្តែត្រូវយកចិត្តទុកដាក់ មើលគាត់ឲ្យទាន់ពេលវេលា ក្នុងករណីមានជំងឺឈឺស្កាត់ ដូចជាជំងឺផ្តាសាយ គ្រុនរងារ នៅក្នុងរដូវត្រជាក់នេះ ។ អាជ្ញាធរទាំងអស់យកចិត្តទុកដាក់ ព្រោះគាត់ជាធនធានមនុស្ស ជារាមច្បង ជាឪពុកម្តាយ ដែលបានបើកផ្លូវឲ្យគ្រប់គ្នា បានមកដល់កន្លែងនេះ ។ នេះជាគុណធម៌មួយ ដែលសម្តេចបានណែនាំ ដល់យុវជនជំនាន់ក្រោយ ក៏ដូចជាយុវវ័យ និងវ័យកណ្តាលទាំងអស់ ឲ្យចេះយកចិត្តទុកដាក់ ថែទាំមនុស្សចាស់ ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រីរាជការ និងយុវជន យុវនារី នាពេលបច្ចុប្បន្នយកចិត្តទុកដាក់ គាំពារថែទាំ ផ្តល់តម្លៃ និងទំនុកបម្រុង លើកទឹកចិត្ត ចំពោះមនុស្សចាស់ តាមគ្រប់មធ្យោបាយ ដើម្បីភាពសុខដុមរនា ក្នុងសង្គមជាតិ និងអំពាវនាវ ឲ្យអ្នកដែលមិនទាន់ ចាក់វ៉ាក់សាំង ទៅចាក់ទាំងដូសមូលដ្ឋាន និងដូសជម្រុញគ្រប់ៗគ្នា ។

ជានេះទៅទៀត លោកអភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា “សូមផ្តាំផ្ញើមូលដ្ឋាន ដែលថា សូមឲ្យចុះទៅធ្វើកិច្ចការងារនេះ ព្រមគ្នាជាមួយការ ចុះទៅសួរសុខទុក្ខមនុស្ស ចាស់ ទៅសួរនាំគាត់អំពីបញ្ហានេះ ក្នុងករណីគាត់មិនអាចធ្វើដំណើរទៅឆ្ងាយបាន ដោយជរាពាធ ហើយគាត់ត្រូវការចាក់វ៉ាក់សាំង ត្រូវអញ្ជើញគ្រូពេទ្យយើង ។ សព្វថ្ងៃនេះ យើងលែង សូវមមាញឹក ដូចពីមុនហើយ ពីមុនយើងមមាញឹកណាស់ ក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ២លានជាងនាក់ នៅក្នុងរាជធានីភ្នំពេញ ។ តែឥឡូវនេះ យើងបានធូរស្បើយក្នុងការចាក់ហើយ ជាពិសេសទៀតការព្យាបាល អ្នកជំងឺឆ្លងកាន់តែតិចទៅៗ អញ្ចឹងយើងអាចនិយាយបានថា ពេទ្យយើង មានទំនេរខ្លះ អាចចុះទៅមូលដ្ឋាន ដើម្បីយកវ៉ាក់សាំង ទៅផ្តល់ជូនមនុស្ស ចាស់ ដែលធ្វើដំណើរទៅឆ្ងាយមិនបាន ផ្តល់ជូនគាត់ដើម្បីធ្វើយ៉ាងណា ការពារនូវអាយុជីវិត របស់គាត់ឲ្យបានល្អប្រសើរ តាមគោលការណ៍ដឹកនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី” ។

លោកបន្តថា ដូច្នេះអាជ្ញាធរខណ្ឌទាំងអស់ ត្រូវរៀបចំត្រួតពិនិត្យឲ្យបានច្បាស់លាស់ ដើម្បីរៀបចំក្រុមការងារ គ្រូពេទ្យទៅផ្តល់វ៉ាក់សាំងជូនគាត់ដល់ផ្ទះ ចំពោះអ្នកមិនទាន់ផ្តល់វ៉ាក់សាំង។

គួរឲ្យដឹងថា សកម្មភាពចុះចែកអាវរងា ដល់មនុស្សចាស់ជរានេះ ធ្វើឡើងបន្ទាប់ពីមាន ការណែនាំ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋាន សង់ផ្លូវជាតិលេខ 71C ។ សម្តេចបានបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្ត យកចិត្តទុកដាក់យ៉ាងត្រឹមត្រូវ ចំពោះមនុស្សចាស់ ក្នុងរដូវរងានាពេលខាងមុខនេះ ព្រោះនៅកម្ពុជា នឹងចុះត្រជាក់ខ្លាំង ៕

To Top