ព័ត៌មានជាតិ

មេបញ្ជាការ​ កងទ័ពជើងគោក ទទួលជួបពិភាក្សា ការងារជាមួយ ឯកអគ្គរដ្ឋទូត សហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា

ភ្នំពេញ ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលពិភាក្សាការងារជាមួយ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូត នៃសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សំដៅរឹតចំណងមិត្តភាព ឱ្យកាន់តែជិតស្និទ្ធ និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការយោធា ឱ្យមានសន្ទុះឈានឡើងថែមទៀត ។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អ មិត្តភាពជាប្រពៃណី និងការគោរពគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ កម្ពុជា-រស្ស៊ី និងបានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏យូរអង្វែង ប្រកបដោយទំនុកចិត្ត របស់រុស្ស៊ីរហូតមក ដោយភ្ជាប់ជាមួយនឹង ការថ្លែងអំណរគុណ ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី, រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងបានសម្តែងនូវភាពកក់ក្តៅជូនប្រទេស និងប្រជាជនរុស្ស៊ី ។ លោក បានបន្ថែមថា កន្លងមកប្រទេសទាំងពីរ ក៏បានបន្តថែរក្សាពូនជ្រំ ទំនាក់ទំនង ឱ្យកាន់តែប្រសើរ តាមរយៈកិច្ចសន្ទនា នយោបាយទៀងទាត់, ការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ សំដៅធានាបាននូវសន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក ។

លោក ក៏បានគាំទ្រផងដែរ លើការខិតខំ បន្តពង្រឹងរួមគ្នា នូវកិច្ចសហប្រតិបត្តិការ រវាងកងទ័ព នៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងកងទ័ពជើងគោក តាមរយៈការរកឱ្យឃើញនូវកាលានុវត្តភាពថ្មីៗ និងយន្តការសហប្រតិបត្តិការថ្មីៗ ប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ ឱ្យកាន់តែសកម្ម និងរឹងមាំ។

ជាការឆ្លើយតប លោក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានសង្កត់ធ្ងន់ផងដែរ អំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង រវាងប្រទេស និងប្រជាជនទាំងពីរ ។ ក្នុងនាមប្រជាជនកម្ពុជា និងយោធិន នៃ កងយោធពលខេមរភូមិន្ទ លោកក៏បានថ្លែង អំណរគុណ ចំពោះការជួយ ឧបត្ថម្ភគាំទ្រ របស់រុស្ស៊ី ក្នុងកាលៈទេសៈដែលកម្ពុជា ជួបការលំបាក ដោយក្នុងនោះ រុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងស្តារ និងអភិវឌ្ឍ ប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការរំដោះចេញពីរបបខ្មែរក្រហម រួមទាំងការកសាង និងពង្រឹងកងទ័ពកម្ពុជាឡើងវិញ ដើម្បីទប់ស្កាត់ការ វិលត្រលប់មកវិញនៃរបបនេះ ។

ក្នុងដំណាក់កាលថ្មីនេះ លោក ក៏បានគាំទ្រលើការជំរុញ និងលើកកម្ពស់ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួត និងរឹងមាំទាំងបច្ចុប្បន្ន និងតទៅអនាគត ដោយចាប់ផ្តើមពីអង្គភាព ប្រតិបត្តិដូចជាកងទ័ពជើងគោក ជាពិសេសការភ្ជាប់ទំនាក់ទំនង រវាងអង្គភាព និងអង្គភាព និងការហ្វឹកហ្វឺនបណ្តុះបណ្តាល ធនធានមនុស្ស ដោយផ្តោតលើសមិទ្ធិផល កិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីជាមូលដ្ឋាន និងជាផ្នែកមួយ នៃការពង្រឹងទំនាក់ទំនងកងទ័ព និងប្រទេសជារួម ៕

To Top