ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា បើអ្នកណាប្រគល់ដី ដែលរំលោភដីព្រៃលិចទឹក នៅតាមបណ្តាខេត្តក្នុងតំបន់ បឹងទន្លេសាបគឺរួចខ្លួន ហើយអ្នកណារឹងទទឹងវាយខ្នោះភ្លាមៗ។
ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «បើរឹងទទឹងវៃខ្មោះភ្លាមៗ អត់ឲ្យមានរញ៉រញ៉ៃ។ ឥឡូវលឺថា ចុះហត្ថលេខា ប្រគល់ដី ប្រគល់រួចខ្លួន ដកខ្លួន ។ អ្នកណាមិនសារភាព តាមវាយខ្នោះ»។
ជុំវិញករណីនេះ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សម្រាប់លទ្ធផលនៃ ការចុះបង្ក្រាបនៅខេត្តកំពង់ឆ្នាំ កាលពីថ្ងៃ២៩-៣០ វិច្ឆិកា នោះ ថា «យើងបានដកហូតមកវិញជិត២០០០ហិកតា ដោយបានដកបង្គោល នឹងត្រៀមដាំដើមឈើវិញ ខាងមុខនេះផងដែរ»។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានទទួលរបាយការណ៍ពី រាជបណ្ឌិត្យសភាកម្ពុជាថា អតីតអភិបាលខេត្តកំពង់ឆ្នាំង បានកាប់បំផ្លាញយកដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាបជាង ២ពាន់ហិកតា ។ បន្ទាប់ពីទទួលរបាយការណ៍ និងពិនិត្យគ្រប់ជ្រុងជ្រោយហើយ សម្តេចតេជោ បានដាក់ចេញបទបញ្ជា ជាបន្ទាន់ភ្លាមៗឲ្យចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិ អ្នកកាប់ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ។ ក្នុងនោះ សម្តេចបានចាត់តាំងលោក ជា សុផារ៉ា ត្រូវធ្វើកិច្ចការងារចុះបង្កា្រប៕