កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១នេះ បានចាត់អោយមន្ត្រីបច្ចេកទេស នៃការិយាល័យផែនការវិនិយោគខេត្ត ចុះពិនិត្យ និងចាប់ផ្ដើមដំណើរការជួសជុលផ្លូវមួយចំនួនក្នុងក្រុងកំពង់ចាម ដែលរងខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ។

លោក ឌួល សុន មន្ត្រីបច្ចេកទេស នៃទីចាត់ការផែនការ វិនិយោគខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពេល លោក អ៊ុន ចាន់ដា អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការជួសជុលផ្លូវ និងលូរំដោះទឹកភ្លៀង ក្នុងសង្កាត់បឹងកុក លោក បានចាត់បញ្ជាឲ្យក្រុមការងារបច្ចេកទេស ចុះពិនិត្យដើម្បីដំណើរការជួសជុលផ្លូវ និងដាក់លូរំដោះទឹកភ្លៀង ។

លោក ឌួល សុន បានឲ្យដឹងទៀតថា ចំណុចផ្លូវដែលរងការខូចខាត នឹងត្រូវជួសជុលឡើងវិញនោះ ក្នុងសង្កាត់បឹងកុកមានដូចជា ផ្លូវមុខផ្សារថ្មគោល និងតាមទំនប់ក្បែរវត្តថ្មគោល ត្រូវជួសជុលឡើងវិញជាផ្លូវបេតុងប្រវែងជាង ១០០០ ម៉ែត្រ , ក្នុងភូមិឡឥដ្ឋ ស្ថាបនាផ្លូវបេតុងប្រមាណជាង ៥០០០ ម៉ែត្រ និងដាក់លូសងខាងផ្លូវ ប្រវែង ប្រមាណជា ១០០០ម៉ែត្រ , និងត្រូវជួសជុលផ្លូវឡើងវិញមួយចំនួនទៀត ក្នុងសង្កាត់សំបួរមាស ។
