ព័ត៌មានជាតិ

កម្ពុជា-អូស្ត្រាលី ដាក់ដំណើរការបច្ចេកវិទ្យា ចម្រោះទឹកស្អាតថ្មី នៅបាត់ដំបង

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ (MISTI) និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្ពោធដាក់ឲ្យដំណើរការ បច្ចេកវិទ្យាចម្រោះទឹកស្អាតថ្មីមួយ នៅរោងចក្រផលិត ទឹកស្អាតខេត្តបាត់ដំបង និងផ្សព្វផ្សាយពីលទ្ធផល នៃការសិក្សាស្រាវជ្រាវ «ផែនការវិនិយោគថ្នាក់ខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា»។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ដ្រាលី ថ្មីៗនេះ។

នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានឲ្យដឹងថា ពិធីដាក់ដំណើរការនេះ បង្ហាញពីបច្ចេកវិទ្យាកំពុង ត្រូវបានយកចិត្តទុកដាក់ប្រើប្រាស់ សម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការ រវាងក្រសួងឧស្សាហកម្ម ជាមួយកម្មវិធីវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលបានគាំទ្រដល់ការសិក្សាផែនការ វិនិយោគតាមបណ្តាខេត្ត (PIP) គឺជាត្រីវិស័យដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍន៍វិស័យទឹកស្អាត។

ដោយឡែក លោក Pablo Kang មានមោទកភាពដែល ឃើញក្រុមហ៊ុនអូស្ត្រាលី នាំយកបច្ចេកវិទ្យាផលិតទឹកស្អាត ប្រកបដោយសុវត្ថិភាព និងល្អសម្រាប់បរិស្ថានមកកាន់កម្ពុជា។ លោកសង្ឃឹមថា ការសិក្សាស្រាវជ្រាវ PIP នេះ ក៏នឹងផ្តល់ផែនទីបង្ហាញផ្លូវ និងឧបករណ៍គោលនយោបាយ ដ៏មានប្រយោជន៍ សម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការផ្តល់ទឹកស្អាតដល់ ប្រជាជនកម្ពុជាទាំងអស់គ្នា នៅត្រឹមឆ្នាំ ២០៣០។

សូមជម្រាបថា ឯកអគ្គរាជទូត Kang កាលពីខែកញ្ញាកន្លងទៅ បានទៅទស្សនារោងចក្រ នៅខេត្តបាត់ដំបង និងបានសម្រេច ដាក់បច្ចេកវិទ្យាសម្អាតទឹករបស់អូស្ត្រាលី ក្នុងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ប្រព័ន្ធសម្អាតទឹកនេះ ប្រើប្រាស់បច្ចេកវិទ្យា យូអេហ្វ (UF) និងអាងស្តុកទឹកដើម្បីចែកចាយ ទឹកស្អាតនិងសុវត្ថិភាព ចំណុះ ១២០,០០០លីត្រក្នុងមួយថ្ងៃ ដល់ប្រជាពលរដ្ឋប្រមាណ ៥ ០០០នាក់ នៅក្នុងភូមិចំនួន១២ ក្នុងឃុំព្រែកជីក ខេត្តបាត់ដំបង។

លើសពីនេះទៀត កម្មវិធីវិនិយោគក្នុង វិស័យហេដ្ឋារចនាសម្ព័ន្ធ របស់អូស្រ្តាលីដែលមាន ទឹកប្រាក់វិនិយោគសរុប ៤៩,៤ លានដុល្លារអូស្ត្រាលី បានសហការជាមួយសមាគមទឹកអូស្ត្រាលី (AWA) និងសមាគមផ្គត់ផ្គង់ទឹកកម្ពុជា (CWA) ដើម្បីនាំយកបច្ចេកវិទ្យាចម្រោះទឹកស្អាតនេះ មកកម្ពុជា ៕

To Top