ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច នឹងដាក់ឲ្យដំណើរការ កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឲ្យដំណើរការ នូវកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច នាពេលថ្មីៗនេះ បានឲ្យដឹងថា ការអភិវឌ្ឍធុរកិច្ចឌីជីថល គឺជាសរសរស្តម្ភមួយ ក្នុងការកសាងក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយផ្តោតលើការគាំទ្រ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី តាមរយៈការពង្រឹង សហគ្រិនភាព និងការជំរុញធុរកិច្ចថ្មី ទាំងផ្នែកសមត្ថភាព និងធនធានហិរញ្ញវត្ថុ។

តាមទិសដៅនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធដាក់ចេញនូវ ការអនុវត្តកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» ក្រោមការសម្របសម្រួល ពីសំណាក់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងសហគ្រិនខ្មែរ។

ប្រភពដដែលបន្ដថា ការរៀបចំកម្មវិធីថ្នាក់ជាតិនេះ មានគោលបំណងធំៗចំនួន៤ ៖ ទី១-ភ្ជាប់តួអង្គទាំងអស់ ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងពង្រឹងកិច្ចសហការរវាងគ្នា និងគ្នា តាមរយៈកម្មវិធីបែបសហគមន៍ និងថ្នាលឌីជីថល ,ទី២-សហការពង្រឹង សហគ្រិនភាព និងបណ្ដុះធុរកិច្ចថ្មី​​ ដោយបំពេញមុខងារគាំទ្រ ឲ្យគ្នាទៅវិញ ទៅមករវាងតួអង្គក្នុងប្រព័ន្ធ អេកូឡូស៊ីតាមយន្តការ សហបង្កើតថ្មី ,ទី៣-ផ្ដល់ព័ត៌មានបែបវិទ្យាសាស្ត្រ គ្រប់ជ្រុងជ្រោយ ទាក់ទងសហគ្រិនភាព ធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីទាំងមូល តាមថ្នាលឌីជីថល និងទី៤- ជាវេទិកាជាតិ មួយក្នុងការថ្នាក់ ទៅនឹងកម្មវិធីស្រដៀងគ្នា របស់បណ្តាប្រទេសនានា៕

To Top