ព័ត៌មានជាតិ

១៥៩៦ កាប់ឬស្សី បែកក្រុងលង្វែក ២០២១កាប់ព្រៃលិចទឹក បំផ្លាញបឹងទន្លេសាប

ភ្នំពេញ៖ ប្រវត្តិសាស្រ្ត ជាកញ្ចក់ឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាព និងជាស្ពានឆ្លងទៅថ្ងៃអនាគត ដូចដែលករណី នៃភាពបែកបាក់ និងការបាត់បង់ទឹកដីខ្មែរ នាសម័យលង្វែក ដោយល្បិចកល ពីប្រទេសជិតខាង ក្នុងឆ្នាំ១៥៩៦។

ចំពោះករណីនេះ ត្រូវបានលោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានធ្វើការប្រៀបធៀប ពីសម័យកាលនោះ មកបច្ចុប្បន្ន ដោយលើកឡើងថា « ១៥៩៦ កាប់ ឬស្សី បែកក្រុងលង្វែក ២០២១កាប់ព្រៃលិចទឹក បំផ្លាញបឹងទន្លេសាប»។

ការលើកឡើងរបស់ លោក សយ សុភាព បែបនេះស្របពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីពាក់ព័ន្ធ និងអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះជនខិលខូចមួយចំនួន ដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ក្នុងនោះ សម្ដេច បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យចាប់ខ្លួនអ្នកកាប់ដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ហើយរឹបអូសដីព្រៃទាំងនោះយកមកវិញ ព្រមទាំង រឹបអូសទ្រព្យសម្បត្តិពួកគេផងដែរ។

នៅលើគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី៣ ខែធ្វូ ឆ្នាំ២០២១ លោក សយ សុភាព បានលើកឡើងថា «បើមិនបានដឹងប្រវត្តិសាស្ត្រខ្លួនឯងទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្ត្រ ហើយឈ្មោះរបស់អ្នក នឹងចារទុកជាប្រវត្តិសាស្ត្រ បំផ្លាញជាតិដែរ»។

លោកថា យ៉ាងណាមិញ សម័យលង្វែក ខ្មែរបានចាញ់កលល្បិចសៀម (មួយផ្នែក) ដោយគេយកប្រាក់ដួង មកបាចចូលគុម្ពឬស្សី រួចរាស្ត្រខ្មែរនាំគ្នា កាប់ឬស្សីយកប្រាក់ដួង ទីបំផុត សៀមវៃបែកក្រុងលង្វែក។ ក្រោយមកខ្មែរ សម័យនោះរស់នៅ យ៉ាងវេទនាជាទីបំផុត។

លោក សយ សុភាព បញ្ជាក់ថា «មកដល់សម័យនេះទៅហើយ ហេតុអីនៅមានអ្នកកាន់ការរដ្នមួយចំនួនតូចណានោះ មហាលោភលន់ និង ប្រកាន់យកនូវភាពល្ងង់ខ្លៅ បំផ្លាញជាតិឯង តទៅទៀត ដោយនាំគ្នាទៅកាប់ឆ្ការព្រៃលិចទឹក សម្រាប់ជំរកត្រីពង ដូរយកដុល្លារ ធ្វើពីក្រដាស»។

ក្នុងករណីដដែលនេះ លោក សយ សុភាព បន្តថា កន្លងទៅសមត្ថកិច្ច ហ៊ានបង្រ្កាបតែអ្នក ល្អិតល្អោច ដែលគេជួលទៅកាប់ឆ្ការទេ តែពេលនេះវែកមុខឃើញ អ្នកពាក់ផ្កាយ អតីតចៅហ្វយខេត្ត។ ទីបំផុតបានត្រឹមរួចខ្លួន។

លោកបន្ថែមថា តែយ៉ាងក៏ដោយបុគ្គល ណានោះ អ្នកឯងត្រូវបានប្រវត្តិសាស្ត្រចារទុក ថាពួកអ្នកឯងជាអ្នកបំផ្លាញជាតិ បំផ្លាញយុទ្ធសាស្ត្រជាតិ អ្នកមិនស័ក្តសម ជាកូនខ្មែរទេ។

លោក សយ សុភាព គួសបញ្ជាក់ថា «សេចក្តីលោភលន់របស់អ្នក បានមកដល់ទីបញ្ចប់ហើយ ។ បរាជ័យទៅអ្នកល្មោភលុយយកទ្រព្យសម្បត្តិជាតិ។ ពួកអ្នកឯង ប្រហែលជាវង្សត្រកូល កឋាថនឈុំ ដែលបានក្បត់រាជវាំង ឧត្តុង្គ ទៅរណបនគរសៀម កាលពីជិត២០០ឆ្នាំមុន»។

សូមបញ្ជាក់ថា ក្រោមបទបញ្ជាយ៉ាងមឺុងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន នេះ ក្នុងសកម្មភាពដឹកនាំដោយលោក ជា សុផារ៉ាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការបង្ក្រាបការទន្រ្ទានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង គឺបានដកហូតពីជនបំពានជិត២០០០ហិកតា មកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ។ នេះជាការថ្លែងឲ្យដឹងពីលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង។

To Top