ភ្នំពេញ ៖ ក្រោយការប្រមូលផលស្រូវ របស់ប្រជាពលរដ្ឋដែលជាកសិករ ចំនួន៥០គ្រួសារ នៅលើដីព្រៃលិចទឹក នៅតំបន់ទន្លេសាប រួចរាល់ហើយ អាជ្ញាធរនឹងដកហូតមកវិញ ពោរដោយគ្រាន់តែអនុញ្ញាត ឲ្យធ្វើបញ្ចប់ត្រឹមមួយវគ្គនេះទេ។ នេះបើតាម ហ្វេសប៊ុក លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ។
ការអនុញ្ញាតនេះ ក្រោយមានមតិជាច្រើនលើកឡើងថា តើគួរមានការយោគយល់ លើកសិករដែរឬទេ ?
លោកបន្តថា ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាកសិករចំនួន ៥០គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋទាំង៤ភូមិ ក្នុងឃុំច្រណូក ស្រុកកំពង់លែង គឺពិនិត្យ ដោះស្រាយសំណូមពរ ពួកគាត់ដែលបានស្នើសុំបន្តអាស្រ័យផលមួយរយៈខ្លី លើផ្ទៃដីស្រែក្នុងតំបន់៣ ដែលបានសាបព្រោះរួច។
លោកថា “ដើម្បីជួយសម្រាលការលំបាក របស់បងប្អូនប្រជាកសិករ អាជ្ញាធរយើងបានអនុញ្ញាត ឲ្យបងប្អូនថែទាំដំណាំស្រូវ រហូតដល់ច្រូតកាត់រួច ហើយធ្វើកិច្ចសន្យាបញ្ឈប់ការចូលទៅអាស្រ័យផល ក្នុងទីតាំងនោះទៀត”។
សូមបញ្ជាក់ថា កំពង់ឆ្នាំង ទីដែលត្រូវបានរកឃើញ រំលោភលើដីព្រៃលិចទឹកមុនគេ។ កាលពីថ្ងៃ២៨ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីកម្ពុជា បញ្ជាឲ្យចាប់ខ្លួន និងរឹបអូស ទ្រព្យសម្បត្តិ អ្នកកាប់ដីព្រៃលិច ទឹកនៅតំបន់ទន្លេសាប ។
ការបញ្ជានេះ ក្រោយបានទទួលរបាយការណ៍ ពីរាជបណ្ឌិត្យសភាកម្ពុជាថា អតីតអភិបាលខេត្តកំពង់ឆ្នាំង បានកាប់បំផ្លាញយកដីព្រៃ លិចទឹក ក្នុងតំបន់បឹងទន្លេសាប ជាង២ពាន់ហិកតា៕