ព័ត៌មានជាតិ

សម្ដេចតេជោ ផ្តាំអាជ្ញាធរជាថ្មីថា កុំទុកពលរដ្ឋណាម្នាក់ រងគ្រោះក្នុងរដូវរងារ

ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារផ្តាំទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ថា កុំឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែរឿងបញ្ហារងារ ត្រូវយកទុកដាក់មើលថែទាំ ពួកគាត់ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា រដូវរងារឆ្នាំ២០២១ មានភាពរងាខ្លាំង ហើយការរងារនេះ នឹងអូសបន្លាយរហូសដល់ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។

សម្ដេចតេជោ បានបញ្ជាក់ថា «ចឹងបានជាខ្ញុំ សូមអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើង យកចិត្តទុកដាក់ មានជីដូន ជីតា ឪពុក-ម្ដាយ ចាស់ៗ អំពីសុខភាពរបស់ពួកគាត់។ សម្រាប់អ្នកក្រីក្រ អាជ្ញាធរត្រូវយកចិត្តទុកដាក់ ក្រុមការងារចុះជួយមូលដ្ឋាន ត្រូវយកចិត្តទុកដាក់។ អ្នកក្រីក្រ អត់មានកូនចៅ គ្មានទីពឹង ត្រូវពឹងពាក់អាស្រ័យទៅលើអាជ្ញាធរ»។

សម្ដេចតេជោ បានសង្កេតឃើញថា មានរាជធានី-ខេត្ត មួយចំនួន បានចុះជួយប្រជាពលរដ្ឋក្នុងរដូវរងារនេះ ដោយផ្ដល់ជូន អាវរងា មុង ភួយ ថវិកា និងសម្ភារៈមួយចំនួន ផងដែរ។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា «ធ្វើយ៉ាងម៉េច ឆ្លងកាត់ដំណាក់កាល នៃរដូវរងារនេះ កុំឲ្យប្រជាពលរដ្ឋយើងណាម្នាក់រងគ្រោះដោយសារតែរឿងបញ្ហារងា»។

សម្ដេចតេជោ បានបន្ដថា តាមបណ្ដាប្រទេសមួយចំនួន មានប្រជាពលរដ្ឋដេកស្លាប់ដោយសារភាពរងារ ដូច្នេះ អាជ្ញាធរនៅកម្ពុជា ត្រូវយកចិត្តទុកដាក់បំផុត ចំពោះប្រជាពលរដ្ឋក្នុងរដូវរងារនេះ៕

To Top