បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានបាញ់មីស៊ីលរំលងទីក្រុង ស្របពេលដែលកិច្ចពិភាក្សាចរចាគ្នាជាអន្តរជាតិកំពុងតែប្រព្រឹត្តទៅ នៅក្នុងទីក្រុងវីយែន ស្តីពីកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ នេះបើតាមសេចក្តីរាយកការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។
លោកឧត្តមសេនីយ៍ ជាមន្ត្រីនាំពាក្យឲ្យកងទ័ពអ៊ីរ៉ង់ បាននិយាយប្រាប់កាសែត Islamic Republic of Iran Broadcasting ជាទីភ្នាក់ងារសារព័ត៌មានរដ្ឋជាតិថា មីស៊ីលគឺត្រូវបានបាញ់ដើម្បីធ្វើតេស្តសាកល្បងការឆ្លើយតបរហ័សរបស់ប្រព័ន្ធការពារ នៅជុំវិញទីក្រុង Natanz។
លោកឧត្តមសេនីយ៍អ៊ីរ៉ង់រូបនោះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “សមយុទ្ធបែបនេះ គឺត្រូវបានធ្វើឡើង ក្នុងបរិយាកាសសុវត្ថិភាពទាំងស្រុង និងមិនមានការចាំបាច់ត្រូវព្រួយបារម្ភនោះទេ”។
ទីភ្នាក់ងារសារព័ត៌មានពាក់កណ្ដាលផ្លូវការ Fars News Agency ដែលគ្រប់គ្រងដោយកងកម្លាំងការពារបដិវត្តន៍ឥស្លាម បាននិយាយថា ប្រជាពលរដ្ឋបានរាយការណ៍ពីការឮសូរសម្លេងដ៏គួរឲ្យខ្លាច និងពន្លឺភ្លើងភ្លឺខ្លាំងនៅកណ្ដាលអាកាស៕
ប្រែសម្រួល៖ប៉ាង កុង