ព័ត៌មានជាតិ

សម្តេចតេជោ សង្ឃឹមថា ត្រីប្រាខ្មែរ​ នឹងមាននៅលើតុ អាហារប្រជាជនចិន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមទុកជាមុនថា ត្រីប្រាខ្មែរ នឹងត្រូវច្នៃធ្វើជាម្ហូបអាហារ សម្រាប់ប្រជាជនចិនទាំងមូល ។ ការបង្ហាញក្តីសង្ឃឹមសម្តេចតេជោនេះ ក្រោយភាគីចិន បានកំពុងពិចារណា លើសំណើរសម្តេចតេជោ ក្នុងការនាំចូលផ្លែមៀន និងត្រីប្រាខ្មែរ។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អះអាងថា ភាគីចិន បានធ្វើការសម្រេចចិត្ត ក្នុងការសិក្សា វិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា ។ បើតាមសម្តេចតេជោថា ពេលនេះគេ (ចិន) បានអនុញ្ញាតឲ្យនាំចូលផ្លែមៀនផង និងត្រីប្រាផង។ នេះជាប្រសាសន៍របស់សម្តេចតេជោ និងលោកវ៉ាង វិនធាន ក្នុងឱកាសអញ្ជើញចូលរួម សម្ពោធផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

សម្តេចតេជោ បានមានប្រសាសន៍ថា «ត្រីប្រាខ្មែរយើងមាន បើសិនយើងមានទីផ្សារធំទៅចិន អីចឹងខ្ញុំជំរុញឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រី ដើម្បីដឹកជញ្ជូន ដោយបង្កើតបានប្រាក់ចំណូលពីការចិញ្ចឹមត្រី ។ អីចឹងត្រីប្រាដែលនឹង អាចធ្វើជាម្ហូបអាហារ លើតុប្រជាជនចិន ជាក្តីសង្ឃឹមសម្រាប់អ្នកចិញ្ចឹមត្រី”។

សម្រាប់អ្នកនាំមៀននៅប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សម្តេចថា គឺមានទីផ្សារសម្រាប់នាំចេញប៉ុន្តែត្រូវមានគុណភាព ដើម្បីជៀងវាងនាំមេរោគចូលទៅចិន ៕

To Top