ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ឲ្យACU ស្រាវជ្រាវ និងចាត់វិធានការ លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធទន្ទ្រានដីព្រៃលិចទឹកជាង២ពាន់ហិកតា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចឲ្យ អង្គភាពប្រឆាំងអំពើពុកលួយ (ACU) ធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះ លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង។

យោងតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី នាពេលថ្មីៗនេះ បានឲ្យដឹងថា «រាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយធ្វើការអង្កេតស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ទឌឿន អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងបានដកហូតដីរដ្ឋទំហំ ២.១០០,៦៦ ហិកតាដែលស្ថិតក្នុងដែនព្រៃលិចទឹកត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំច្រណូក និងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង»។

ជាងនេះទៅទៀត រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូនក្រសួងធនធានទឹក និងឧតុនិយម រៀបចំប៉ាណូផ្សព្វផ្សាយផែនទីដែនព្រៃលិចទឹក ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំយុទ្ធនាការដាំដើមឈើឡើងវិញ។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹកនិងឧតុនិយម, អាជ្ញាធរទន្លេសាប និង រដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការការពារដីរដ្ឋក្នុងដែនព្រៃលិចទឹកដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ហើយអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រំលាយព្រំខណ្ឌក្បាលដី និងដកបង្គោលព្រំដីដែលបានដាំដោយខុសច្បាប់។

សូមបញ្ជាក់ថា លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ មានការពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា ៕

To Top