ព័ត៌មានជាតិ

ករណីមីយ៉ាន់ម៉ា ៖ សម្តេចតេជោថា ធម្មនុញ្ញអាស៊ាន មិនបានចែង ឲ្យដេញសមាជិកណាចេញទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ធម្មនុញ្ញអាស៊ានមិនបានចែងពីការដេញសមាជិកណាមួយនោះទេ ។ ការថ្លែងរបស់សម្តេចនេះ ក្រោយពីមានវិវាទរវាងមីយ៉ាន់ម៉ា និងប្រទេសជាសមាជិកអាស៊ានផ្សេងទៀតដែលបានមូលមតិគ្នាមិនឲ្យលោក មីន អ៊ុងឡាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ចូលប្រជុំកំពូលចិន-អាស៊ាន ក្នុងពេលលោក ស៊ី ជីនពីងប្រធានាធិបតីចិន បានចូលរួមប្រជុំជាមួយមេដឹកនាំអាស៊ានកាលពីថ្ងៃទី២២ វិច្ឆិកា ។ កិច្ចប្រជុំពេលនោះ សម្តេចតេជោបានចូលរួមផងដែរ ។ ប្រទេស៤បានបដិសេធ គឺសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ។

ការចេញមកការពារភូមា ឬមីយ៉ាន់ម៉ារបស់សម្តេចតេជោពេលនេះ ខណៈកម្ពុជាធ្វើជាប្រធានម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ ក្រោយប្រុយណេធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងខែវិច្ឆិកា ។

អាស៊ានបានបដិសេធមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំងនេះ ក្រោយពីលោកបានដឹកនាំការបង្រ្កាបយ៉ាងបង្ហូរឈាមលើការប្រឆាំងចាប់តាំងពីការដណ្តើមអំណាចពីលោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ។ នេះបើយោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia ចេញផ្សាយកន្លងមក។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ បានមានប្រសាសន៍ថា “ពេលនេះ ជាពេលពង្រឹងអាស៊ានឡើងវិញពីអាស៊ាន៩ប្រទេស ទៅ១០ប្រទេសឡើងវិញ ពីព្រោះមីយ៉ាន់ម៉ាមិនដែលប្រកាសផ្តាច់ខ្លួនចេញអាស៊ាននោះទេ។ នៅក្នុងធម្មនុញ្ញអាស៊ានមិនមែន អ្នកណាហ៊ានដេញសមាជិកចេញនោះទេ ពីព្រោះសម្តេចក៏ជាអ្នកចូលរួមធ្វើធម្មនុញ្ញអាស៊ានផងដែរ” ។

ពាក់ព័ន្ធនឹងមីយ៉ាម៉ានេះដែរ សម្តេចតេជោ នឹងជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ានៅ៧ ធ្នូស្អែកនេះ។ សម្តេចតេជោថា សម្តេចនឹងស្តាប់ការបង្ហាញរបស់រដ្ឋមន្ត្រីមីយ៉ាន់ម៉ានេះ។ នាយករដ្ឋមន្រ្តីថា បើមិនឲ្យធ្វើការជាមួយលោក មីន អ៊ុងឡាំង ដែលអ្នកកាន់អំណាច តើឲ្យទៅធ្វើការជាមួយអ្នកណាវិញ?។ សម្តេចក៏បានលើកឡើងថា ក្នុងការដោះស្រាយបញ្ហាអាស៊ានមិនត្រូវយកម៉ូដែលរបស់អង្គការសហប្រជាជាតិនោះទេ ។

ក្នុងការសម្របសម្រួលរវាងមីយ៉ាន់ម៉ានិងសមាជិកផ្សេងរបស់អាស៊ានជាថ្មីម្តងទៀតនេះ កាលពីក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅឥណ្ឌូនេស៊ី នាទីក្រុងហ្សាការតា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១កន្លងមក សម្តេចតេជោបានស្នើរូបមន្តត្រ័យការ ។ រូបមន្តត្រ័យការរបស់អាស៊ានដែលធ្លាប់មានកន្លងមកគឺ «រដ្ឋមន្ត្រីការបរទេសនៃអតីតប្រធានអាស៊ានប្តូរវេន រដ្ឋមន្ត្រីការបរទេសជាប្រធានអាស៊ានបច្ចុប្បន្ន និង រដ្ឋមន្រ្តីការបរទេសអនាគត ប្រធានអាស៊ានបន្ទាប់»។

ប្រសិនបើសេណារីយោនេះ ត្រូវបានអាស៊ានទទួលយកកម្ពុជា នឹងក្លាយជាតួអង្គសំខាន់មួយរបស់អាស៊ានដើរតួនាទីគន្លឹះ សម្រាប់ស្វែងរកដំណោះស្រាយ ជំលោះដ៏ស្មុគស្មាញនៅភូមា។ អ្នកវិភាគបាននិយាយថា រូបមន្តត្រ័យការសម្រាប់ភូមា កម្ពុជាមិនត្រឹមតែជាប្រធានអាស៊ានទេ សូម្បីតំណែងអគ្គលេខាធិការអាស៊ាន ក៏ជាបេក្ខជនរបស់កម្ពុជាដែរ។ ដូច្នេះកម្ពុជាអាចមានសម្ថភាពខ្លះ ក្នុងការស្វែងរកដំណោះស្រាយនយោបាយភូមា៕

To Top