ព័ត៌មានជាតិ

ក្រសួងដែនដី ដាក់ចេញវិធានការ ១០ចំណុច ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើស ទន្ទ្រានព្រៃលិចទឹក ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប

ភ្នំពេញ៖ ក្រោយទទួលបានរបាយការណ៍បឋម ពីរដ្ឋបាលខេត្តសៀមរាប ដែលរកឃើញដីព្រៃលិចទឹកនៅតំបន់៣ ជិត២ពាន់ហិកតា ត្រូវបានជនខិលខូចទន្រ្ទានកាន់កាប់នោះ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ លោក លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចដាក់ចេញវិធានការចំនួន ១០ចំណុច ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសទន្ទ្រានព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

យោងតាមហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា
វិធានការទាំងនោះមានដូចខាងក្រោម៖
១. ជូនរដ្ឋបាលខេត្ត ត្រូវដកហូតដីដែលអ្នកមានអំណាច និងប្រជាជនចូលទន្ទ្រាន និងកាន់កាប់ទាំងអស់នៅតំបន់៣ មកវិញជាបន្ទាន់ និងត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ក្នុងដែនព្រៃលិចទឹកព្រមទាំងចេញ លិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
២. ជូនអាជ្ញាធរទន្លេសាប ធ្វើការបោះបង្គោលព្រំមេ និងរងក្នុងតំបន់៣ នៅលើទីតាំងណាមិនទាន់បានបោះ ឬបង្គោលដែលបានបាត់ ។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវបោះបង្គោលព្រំធំក្នុងតំបន់ការពារព្រៃលិចទឹក តាមអនុក្រឹត្យ ១៩៧ ។
៣. ជូនអាជ្ញាធរទន្លេសាប ធ្វើការដំឡើងប៉ាណូ បង្ហាញពីតំបន់ការពារនៅតាមចំណុចសំខាន់ៗ នៅទីតាំងបង្គោលដែលបានបោះ ។
៤. ជូនរដ្ឋបាលខេត្ត ត្រូវទប់ស្កាត់ប្រជាជនមិនការចូល ធ្វើការដាំដុះ នៅក្នុងតំបន់៣ឡើយ ចាប់ពីពេលនេះតទៅ ។
៥. ជូនរដ្ឋបាលខេត្តត្រូវបន្តចុះស្រាវជ្រាវមុខ សញ្ញាប្រជាជនខុសច្បាបដែលចូលទន្ទ្រាន និងកាន់កាប់ដីតំបន់៣ ខុសច្បាប់ ។
៦. ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ឲ្យធ្វើការប្រមូលផលស្រូវសិន ក្នុងករណីដែលស្រូវជិតប្រមូលផល ។
៧. ជូនព្រះរាជអាជ្ញា យកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹង ដែលមន្រ្តីនគបាល បានកសាងនិងដាក់សំណុំរឿងរួចរាល់។
៨. ប្រគល់ជូនអាជ្ញាធរទន្លេសាប ដែលមានក្រសួងធនធានទឹក និងឧតុនិយម ត្រូវលើសំណើចុះបញ្ជីដីរដ្ឋក្នុងតំបន់៣ ជាបន្ទាន់ ។
៩. ជូនអាជ្ញាធរមូលដ្ឋានសហការជាមួយ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន ចាត់ចែងធ្វើការដាំដុះព្រៃលិចទឹកជាបន្ទាន់ ជាពិសេសដើមប្ញស្សី។
១០. រដ្ឋបាលខេត្ត ត្រូវធ្វើការប្រជុំបូកសរុប វាយតម្លៃពីសកម្មភាពការការពារ និងទប់ស្កាត់បទល្មើសការទន្ទ្រានកាន់កាប់ព្រៃលិចទឹក ក្នុងតំបន់៣ ជាប្រចាំខែ ជារៀងរាល់បីខែម្តង និងប្រចាំឆ្នាំ ៕

To Top