ភ្នំពេញ៖ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋសង្គមនិយមវៀតណាមបានសម្ដែងការកោតសរសើរចំពោះកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ១៩បានល្អប្រសើររហូតធ្វើឲ្យប្រទេសក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់អ្នកទេសចរ។

ក្នុងឱកាសចូលរួមជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នាវិមានរដ្ឋសភាលោក ង្វៀន ហ៊ុយតាំង បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាដែលបានផ្លាស់ប្តូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានោះផងដែរ លោកទូតបានសម្ដែងនូវការកោតសរសើរចំពោះនយោបាយចាក់វ៉ាក់ សាំងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបាន ជោគជ័យយ៉ាងធំធេង ធ្វើឲ្យកម្ពុជាមានលទ្ធភាពបើកប្រទេសឡើងវិញនិង ក្លាយជាទីកន្លែងសុវ ត្ថិភាពសម្រាប់អ្នកទេសចរ និងបានអរគុណចំពោះ កម្ពុជាដែលបានផ្តល់ថវិកា និងបរិក្ខាពេទ្យដល់ប្រទេសវៀតណាមនៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នាពេលកន្លងមក។ លោកឯកអគ្គរដ្ឋទូតបានសន្យាចំពោះសម្ដេចប្រធានរដ្ឋសភាថា ក្នុងបេសកកម្ម កាទូតនៅ កម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំ នាក់ទំនងកិច្ច សហប្រតិបត្តិការជាមួយកម្ពុជាឲ្យបានកាន់តែរីកចម្រើនឡើងថែមទៀត ទំាងវិស័យការទូត សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម។

ជាមួយគ្នានោះដែរលោកទូតថា ទោះបីនៅក្នុងកាលៈទេសៈកូវីដ១៩នេះក្តី តែទំហំពាណិជ្ជកម្មកម្ពុជានិងវៀតណាមបានកើនឡើងជាលំដាប់នៅក្នុងនោះការនាំចូលរបស់កម្ពុជាទៅប្រទេសវៀតណាម ច្រើនជាងវៀតណាមនាំចូលមកកម្ពុជា។

ចំណែកសម្តេចហេង សំរិនបាន លើកឡើងថា បេសកកម្មការទូតថ្មីរបស់លោក នៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមាន ស្រាប់ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ រដ្ឋសភាកម្ពុជា សូមកោតសរសើរដល់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដែលរដ្ឋាភិ បាលប្រទេសទាំងពីរ បានរួមគ្នាសម្រេចបានក្នុងអាណត្តិជាបន្តបន្ទាប់មកនេះ សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។

ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានផ្តល់ជំនួយ២៥លានដុល្លារអាមេរិក សម្រាប់ការសាងសង់អ គាររដ្ឋបាលថ្មីដល់ រដ្ឋសភាកម្ពុជាដែលមកដល់ពេលនេះគម្រោងសាងសង់កំពុងដំណើរការជ្រើសរើសក្រុមហ៊ុនសាងសង់ ដែលនៅក្នុងនោះមានក្រុមហ៊ុនមួយចំនួនបានដាក់ពាក្យដេញថ្លៃ រួមទំាងក្រុមហ៊ុនរបស់ប្រទេសវៀតណាមផងដែរ។


សម្តេចបានបញ្ជាក់ថា ការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាដែលជាជំនួយ របស់ប្រទេសវៀតណាមនេះ គ្រោងនឹងបើកការដ្ឋាននៅដើមឆ្នាំ២០២២ខាងមុខនេះ៕
ដោយ៖ សំណាង
