ព័ត៌មានជាតិ

តុលាការឧទ្ទរណ៍ តម្កល់ទោសអតីសសមាជិក នៃចលនាខ្មែររំដោះខ្មែរ ៤នាក់ ដាក់គុកក្នុងម្នាក់ៗ ពី៦ ទៅ ៧ ឆ្នាំ ពីបទរួមគំនិតក្បត់ជាតិ

ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសសាលដីកា តម្កល់ទោស ជនជាប់ចោទប្រុស-ស្រីចំនួន ៤នាក់ ដែលជា អតីតសមាជិកតបស់ចលនាខ្មែររំដោះខ្មែរ ដែលជាចលនាប្រដាប់អាវុធខុសច្បាប់ ដាក់គុកក្នុងម្នាក់ៗពី ៦ ទៅ ៧ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ង ធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តចន្លោះឆ្នាំ ២០១៧ និង ២០១៩ នៅក្នុងដែនដី នៃ ព្រះរាជាណាចក្រកម្ពុជា

យោងតាមដីកាតុលាការ បានឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានជាប់ចោទចំនួន៦ នាក់ មានឈ្មោះ ទី១-ឈ្មោះ សុខ ភីរម្យ ភេទ ប្រុស អាយុ ៥៨ ឆ្នាំ, ទី២-ឈ្មោះ សូ ងួន ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ( អ្នកទាំង២ គឺជាអណិកជនខ្មែរ រស់នៅ សហរដ្ឋអាមេរិក និង គេចខ្លួន), ទី៣-ឈ្មោះអ៊ុក រីម ភេទ ប្រុស អាយុ ៣៨ ឆ្នាំ, ទី ៤- ឈ្មោះ ចាន់ សារ៉ាន់ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ, ទី៥ -ឈ្មោះ ហេង រ៉ាន់ ភេទ ប្រុស អាយុ ៥៥ ឆ្នាំ, និង ទី ៦-ឈ្មោះ អេក អមរី ភេទ ស្រី អាយុ ២៦ ឆ្នាំ។

នៅក្នុងចំណោម ជនជាប់ចោទទាំង៦នាក់នេះ ជនជាប់ចោទឈ្មោះ អ៊ុក រីម, ឈ្មោះ ចាន់ សារ៉ាន់ និង ឈ្មោះ ហេង រ៉ាន់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៩ បានផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ក្នុងម្នាក់ៗ ។ រី ឯ ជនជាប់ចោទ ឈ្មោះ អេក អមរី ត្រូវបានជាប់គុក ៦ ឆ្នាំ។

ចំណែកឯ ជនជាប់ចោទឈ្មោះ សុខ ភីរម្យ និង ឈ្មោះ សូ ងួន ក៏ត្រូវបានតុលាការ កាត់ទោសកំបាំងមុខ និង សម្រេចផ្តន្ទាទោស ដាក់ គុក ក្នុង ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៩ ឆ្នាំ ព្រមទាំងចេញដីកា បង្គាប់ឱ្យស្វែងរកចាប់ខ្លួនផងដែរ។ តែពួកគេបានប្តឹងឧទ្ធរណ៍។

ពួកគេទាំង៦នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ” រួមគំនិតក្បត់” តាមបញ្ញត្តិមាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ។

ក្នុងចំណោមពួកគេទាំង៦នាក់នេះ, ជនជាប់ចោទឈ្មោះ អ៊ុក រីម, ចាន់ សារ៉ាន់, ហេង រ៉ាន់ និង ឈ្មោះ អេក អមរី ត្រូវបានចាប់ឃាត់ខ្លួន នៅទីតាំងផ្សេងៗគ្នា កាលពីអំឡុងខែ មេសា ឆ្នាំ ២០១៨។ ក៏ប៉ុន្តែ ឈ្មោះ សុខ ភីរម្យ និង សូ ងួន បានរត់គេចខ្លួន និង សព្វថ្ងៃនេះ កំពុងតែ លាក់ខ្លួន នៅសហរដ្ឋអាមេរិក៕

ដោយ: រស្មី អាកាស

To Top