ព័ត៌មានជាតិ

អ្នកកាសែតជើងយូរ សយ សុភាព រម្លឹកប្រវត្តិរឿងដើម

ភ្នំពេញ៖ លោក សយ សុភាព ប្រធាន សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន នៅថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១ គ្រាន់តែបានរូបថត ប៉ុន្មានសន្លឹក ពី លោក ហេង ស៊ីនិត្យ អ្នកថតរូបខ្មែរដ៏ល្បី បំរើការនៅកាសែត អេភី (Associated Press-AP) បានធ្វើឱ្យអ្នកកាសែតជើងយូរ រម្លឹកដល់ប្រវត្តិរឿងដើម មួយចំនួនចែកជូនបងប្អូន អ្នកកាសែតជំនាន់ក្រោយ ជាបទពិសោធន៍ ដើម្បីបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

ខ្លឹមសារទាំងស្រុង របស់លោក សយ សុភាព នៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក៖

អរគុណ បង ស៊ីនិត្យ អ្នកថតរូបខ្មែរដ៏ល្បី បំរើការនៅកាសែត អេភី ដែលបានផ្ញើររូបដ៏យូរមកឱ្យខ្ញុំ។

រូបនេះកាលពីលោក សម រង្ស៊ី មកជួប ខ្ញុំ សហសេវិក ក្រោយពីលោកទើបវិលត្រឡប់ពី និរទេស បន្ទាប់ពី លោក សុំ ទោសសម្តេច ហ៊ុន សែន និង អន្តរាគមន៏ ពី សម្តេច ទៅព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទាន លើកលែងទោស។

ពេលនោះខ្ញុំបានអញ្ជើញលោក សម រង្សុី មកក្រោម ដើមអម្ពិល ដើម្បីប្រាប់គាត់ថា ខ្ញុំ និង អ្នកកាសែតមួយចំនួនទៀត តែងតែអង្គុយក្រោម ដើមអម្ពិល ចាំយកព័ត៌មាន និង សម្ភាសន៏ថ្នាក់ដឹកនាំជាតិជាទីគោរព។

ព្រឹត្តិការណ៏លើកទី១នេះហើយដែលខ្ញុំបានរត់ការដោយផ្ទាល់ ក្រោយរត់ការបានជោគជ័យ ករណីពូ កឹម សុខា និង សកម្មជន សិទ្ធិមនុស្ស ព្រមទាំងមេសហជីព។

ផ្តើមចេញពីព្រឹត្តិការណ៏នេះហើយ ខ្ញុំ បានគោរពសុំការអនុញ្ញាត្តពីថ្នាក់ដឹកនាំជាតិ សុំបង្កើតកាសែត ឈ្មោះ ដើមអម្ពិល ដើម្បីទុកជាប្រវត្តិចងចាំ ហើយយក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៦ ជាថ្ងៃកំណើត ដោយសារ កាសែតខ្មែរដំបូង ឈ្មោះ ណាហ្គាវាត់តា ភាសាខ្មែរ នគរវត្ត ដើម្បីរំលឹករៀមម្បង។

ខ្ញុំ និង បង ខៀវ កូឡា អ្នកកាសែតជាន់ខ្ពស់ និង ជារៀមម្បង បានខិតខំតស៊ូមតិថា ថ្ងៃណាមួយ គោរពសុំឱ្យអ្នកដឹកនាំជាតិ ទទួលស្គាល់ថ្ងៃបង្កើតកាសែតដំបូងរបស់ខ្មែរ។

ដោយមានរៀមម្បង ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានខិតខំខ្នះខ្នែងដ៏គួរឱ្យគោរព រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន នៃ កម្ពុជា បានទទួលស្គាល់ ហើយ កំណត់យកថ្ងៃទី ១៤ ខែមករា ជាថ្ងៃជួបជុំអ្នកកាសែត។

នៅក្រោមដើមអម្ពិលនេះដែរ ខ្ញុំបានបង្កើតក្លិបអ្នកកាសែតដោយមិនចាំបាច់មានរូបរៀងរបៀបជាអង្គភាពដោយ ក្នុងនោះ ខ្ញុំ ជាប្រធាន ប៉ែន បូណា អនុប្រធានទី១ និង ឡោចាន់ដារា អនុប្រធានទី២។

ទន្ទឹមគ្នានោះដែរ ខ្ញុំ និង បង ខៀវ កូឡា ផ្តួចផ្តើមគំនិតឱ្យសម្រេចអ្វី១ យក សម្លេង ៥០ បូក មួយ ដែលមានបំណង ចង់ប្រាប់ទៅសមាជិកសភាខ្លះដែលស្និទ្ធិស្នាល ឱ្យយកត្រឹមតែ សម្លេង ៥០ បូក ១ បានហើយ ដើម្បីកុំជាប់គាំងទៀត (២០០៣)។

ខ្ញុំនៅមុននោះបន្តិច ក៏បានផ្តួចផ្តើមគំនិត សរសេរ លិខិតដោយ ចុះហត្ថលេខាអ្នកកាសែតទាំងអស់គ្នា សុំចូលក្រាបថ្វាយបង្គំព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ។

នៅពេលព្រះករុណា ប្រទានសវនាការ ដល់អ្នកកាសែត អភ័ព្វតែខ្ញុំ ជាអ្នកផ្តួចផ្តើម ព្រោះខ្ញុំមិនមែនម្ចាស់ស្ថាប័ន បានត្រឹមតែមើលតាមទូរទស្សន៍។ តែយ៉ាងណាក៏ដោយ ខ្ញុំពេញចិត្តព្រោះគំនិតរបស់ខ្ញុំបាន ដើរដល់គោលដៅ។

ដោយឡែកមួយទៀត  ក្រោយការត់ការរបស់ខ្ញុំ បានសម្រេច ខ្ញុំបានគោរពសុំ សម្តេច​តេជោ ហ៊ុន សែន គាំទ្រឱ្យធ្វើវិសោធកម្ម ច្បាប់ ស្តីពីរបប សារព័ត៌មាន ដោយ លុបទោសព្រហ្មទណ្ឌចេញពីច្បាប់នេះ ដោយមិនតំរូវឱ្យអ្នកកាសែត ជាប់ទោសដោយកាសរសេរ នោះទេ។ បន្ទាប់ទៅ ខ្ញុំ បានទៅគាល់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម វិជ្ជរា ពន្យល់បញ្ហនេះ ហើយ បានជំរាបទៅលោក សម រង្ស៊ី។ ទីចុងបំផុត រដ្ឋសភាជាទីគោរព បាន អនុម័តយល់ព្រមវិសោធនកម្ម។ ដូច្នេះ ក្នុងនាមខ្ញុំ ជាអ្នកព័ត៌មានម្នាក់ បានសម្រេចបំណងហើយ។

សុំ អ្នកកាសែតជំនាន់ក្រោយ ត្រូវគោរពវិជ្ជាជីវៈ ក្រមសីលធ៌ម ដើម្បីទទួល បានការគោរពរាប់ពីមិត្តអ្នកអាន៕

To Top