ភ្នំពេញ ៖ សវនាការពាក់ព័ន្ធសំណុំរឿង រួមគំនិតក្បត់ និងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនការ ៩ វិច្ឆិកា ២០១៩(វិលចូលស្រុកលោក សម រង្ស៊ី) ពីឆ្នាំ២០១៨ -២០១៩ របស់កញ្ញា សេង ធារី អ្នកការពារសិទ្ធិមនុស្ស មិនត្រូវបានបើកដំណើរការទេ ដោយសារកញ្ញាបានកោរសក់ និងស្លៀកឈុតជាលក្ខណៈនារីអប្សរា មិនសមកាលៈទេសៈតាមបទបញ្ជាផ្ទៃក្នុង។ ក្នុងឱកាសចូលរួមសវនាការកាលពីថ្ងៃ៧ ធ្នូ កញ្ញាបង្កការភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការកោរសក់ឲ្យត្រងោ អមដោយឈុតសំលៀកបំពាក់ បែបប្រពៃណីវប្បធម៌ខ្មែរជានារីអប្សរា ។ ចំណុចនេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ហៅថា ដើម្បីជាការធ្វើឲ្យទាក់ទាញ ចំណាប់អារម្មណ៍ ពីមតិសាធារណជនប៉ុណ្ណោះ ។

ក្នុងសវនការជាមួយអតីតសកម្មជនអតីតគណបក្សសង្រ្គោះជាតិចំនួន៤២នាក់ផ្សេងទៀត កញ្ញា សេង ធារីមិនត្រូវបានតុលាការជំនុំជម្រះទេ គឺត្រូវលើកពេលទៅថ្ងៃ២៨ ធ្នូ ខណៈអតីតសកម្មជនទាំងនោះ លើកពេលដល់ថ្ងៃ១៤ ធ្នូ ។
លោក សុខ ឥសាន បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃ៨ ធ្នូ នេះថា “ត្រូវយល់ នេះជាការសម្តែងឲ្យមានការចាប់អារម្មណ៍ ពីមតិសាធារណៈមួយចំនួន តែប៉ុណ្នឹងទេ និងរឿងកេងចំណេញ វាមិនមែន ជារឿងយកត្រូវខុសរឿង ក្នុងក្តីហ្នឹងទេ” ។

ចំពោះការលើកពេលសវនាការ របស់កញ្ញា សេង ធារី និងអតីតសកម្មជនផ្សេងទៀតនោះ ត្រូវបានលោក សុខ ឥសាន ថ្លែងថា ដោយសារតុលាការមិនចង់រញ៉េរញ៉ៃជាមួយពួករញ៉េរញ៉ៃទាំងនេះ ។
សូមបញ្ជាក់ថា ជនជាប់ចោទក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ រួមមាន ៖ លោក សម រង្ស៊ី , លោកស្រី ជូឡុង សូមួរ៉ា , លោក ម៉ែន សុថាវរិន្ទ្រ , លោក អ៊ូ ច័ន្ទឫទ្ធិ , លោក ហូរ វ៉ាន់ , លោក ឡុង រី និងលោក នុត រំដួល ។ ពួកគេត្រូវបានជាប់ចោទពីបទ «រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ។

កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកាត់ទោសកំបាំងមុខ លោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត ។ ចំណែកឯ គូកនផ្សេងទៀតត្រូវជាប់ពន្ធនាគារម្នាក់ៗ២០ឆ្នាំ ៕
