ព័ត៌មានជាតិ

ពិធីដាក់ដំណើរការជាផ្លូវការ នូវកម្មវិធីថ្នាក់ជាតិ ស្តីពី “ធុរកិច្ចថ្មីកម្ពុជា”

ភ្នំពេញ៖ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ត្រូវបានដាក់ចេញ កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្នុងគោលបំណងកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់ កំណើនសេដ្ឋកិច្ចថ្មីផង និងជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច និងលើក កម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជាផង។

ក្នុងការសម្រេចបាននូវគោលបំណងខាងលើ ក្របខណ្ឌគោលនយោបាយនេះ បានកំណត់យកនូវគោលដៅសំខាន់ចំនួន ៥ ជាគ្រឹះ និងសសរស្ដម្ភនៃក្រប ខណ្ឌគោលនយោបាយ ដែលមួយក្នុងចំណោមនោះ បានចង្អុលបង្ហាញពីការជំរុញធុរកិច្ចឌីជីថល ដោយផ្ដោត ចម្បងលើការលើកទឹកចិត្តដល់សហគ្រាស ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ, ការកសាង ប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ធុរកិច្ចថ្មី និងការផ្សារភ្ជាប់ជាមួយខ្សែច្រវាក់ឌីជីថលក្នុងតំបន់ និងសកល ក្នុង ន័យទាញយកប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល និងលើកទឹកចិត្តនវានុវត្តន៍។ ទៀតសោត ក្នុង បរិបទនៃវិបត្តិជំងឺកូវីដ-១៩ ដែលយើងត្រូវកាត់បន្ថយការជួបមុខគ្នាដោយផ្ទាល់, ការធ្វើធុរកិច្ចមិនថានៅកម្ពុជា ក្នុងតំបន់ ឬបណ្ដាប្រទេសនានាលើពិភពលោក ក៏បានចាប់ផ្ដើមវិវឌ្ឍទៅរកចំណុចមួយថ្មី ដោយចាប់យក បច្ចេកវិទ្យាជាស្នូលនៃការផ្ដល់សេវាកម្ម ឬបង្កើតទំនិញ។

ដើម្បីគាំទ្រ និងជ្រោមជ្រែងដល់ក្របខណ្ឌគោលនយោបាយខាងលើ និងឆ្លើយតបទៅនឹងបរិបទគន្លង ប្រក្រតីភាពថ្មីនៃការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី ថ្នាក់ជាតិស្ដីពី “ធុរកិច្ចថ្មីកម្ពុជា” ក្រោមការសហការរៀបចំដោយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងសហ គ្រិនខ្មែរ។ កម្មវិធីថ្នាក់ជាតិនេះ ផ្ដោតលើគោលបំណងធំៗចំនួន ៤ រួមមាន៖ (១) តភ្ជាប់តួអង្គទាំងអស់ក្នុង ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងពង្រឹងកិច្ចសហការរវាងគ្នា និងគ្នា តាមរយៈកម្មវិធីបែបសហគមន៍ និងថ្នាលឌីជី ថល, (២) សហការបណ្ដុះធុរកិច្ចថ្មី ដោយបំពេញមុខងារគាំទ្រឱ្យគ្នាទៅវិញទៅមក រវាងតួអង្គក្នុងប្រព័ន្ធអេកូ ឡូស៊ីធុរកិច្ចថ្មី តាមយន្តការសហបង្កើតថ្មី, (៣) ផ្ដល់ព័ត៌មានបែបវិទ្យាសាស្ត្រគ្រប់ជ្រុងជ្រោយ ទាក់ទងនឹង ធុរកិច្ចថ្មី, សហគ្រិនភាព, និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីទាំងមូល តាមថ្នាលឌីជីថល; និង (៤) រៀបចំជាវេទិកា ជាតិមួយសម្រាប់ថ្ពក់ទៅនឹងកម្មវិធីស្រដៀងគ្នារបស់បណ្ដាប្រទេសនានា ដូចជា Startup Singapore, Startup Vietnam, Startup Thailand ជាដើម ដើម្បីជំរុញនិងបង្កើតក្របខណ្ឌសហប្រតិបត្តិការអន្តរជាតិជាមួយ ប្រទេសក្នុងតំបន់ និងសាកលលោក។ភ្នំពេញ៖ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១

កម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” ត្រូវបានដាក់ដំណើរការជាផ្លូវការនាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួង-ស្ថាប័នដៃគូពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី ធុរកិច្ចថ្មីជាច្រើនរូបទៀត។

ពិធីដាក់ដំណើរការជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” បានប្រព្រឹត្តទៅ យ៉ាងរលូនតាមប្រព័ន្ធវីដេអូ Zoom ហើយក៏មានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងទំព័រហ្វេសប៊ុករបស់ក្រសួង-ស្ថាប័នដៃគូ។

សម្រាប់ព័ត៌មានបន្ថែមស្ដីពីកម្មវិធីថ្នាក់ជាតិនេះ សូមចូល ទៅកាន់ថ្នាលឌីជីថល «ធុរកិច្ចថ្មីកម្ពុជា» តាមរយៈតំណភ្ជាប់ www.startupcambodia.gov.kh

To Top