ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ក្រុមហ៊ុនអាមេរិក ចំពោះគោលបំណងវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ នៅប្រទេសកម្ពុជា រួចហើយបង្កើតរោងចក្រកែច្នៃជាផលិតផល សម្រាប់បម្រើឲ្យផលិតកម្មផ្សេងៗ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ លោក Paul Kambur នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ឯ.ក (មកពីសហរដ្ឋអាមេរិក) បានលើកឡើងអំពីគោលបំណង នៃជំនួបនាពេលនេះ ដើម្បីស្វែងរកឱកាសវិនិយោគដាំឈើប្រេងខ្យល់ និងអាកាស្យា ធ្វើការកែច្នៃ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញទៅសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។
ទាក់ទងនឹងការវិនិយោគនេះ លោកនាយកក្រុមហ៊ុន បានស្នើសុំការណែនាំពីលោករដ្ឋមន្រ្តី អំពីដំណើរការនៃការវិនិយោគលើឧស្សាហកម្មព្រៃឈើ ការដាំឈើឡើងវិញ ការកែច្នៃ និងនាំចេញ។
ជាការឆ្លើយតប លោក វេង សាខុន បានបញ្ជាក់ថា «ស្វាគមន៍ចំពោះគោល បំណងអំពីការវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ រួចបង្កើតរោងចក្រកែច្នៃជាផលិតផល សម្រាប់បម្រើឲ្យផលិតកម្មផ្សេងៗ ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងទីផ្សារអន្តរាជាតិ រួមទាំងទីផ្សារអាមេរិកផងដែរ»។
ទាក់ទងនឹងគោលបំណងនេះ លោក បានណែននាំក្រុមហ៊ុនអាមេរិកថា ក្រុមហ៊ុនអាចស្វែងរកដៃគូវិនិយោគជាមួយក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ជាពិសេសក្រុមហ៊ុនក្នុងស្រុក ដើម្បីប្រើប្រាស់ដីឲ្យអស់សក្តានុពល បង្កើនផលិត ភាពផលិតកម្មឧស្សាហកម្មឈើដាំ បង្កើតការងារសម្រាប់ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងទទួលបានប្រយោជន៍ទាំងរដ្ឋ និងឯកជន។ ជាពិសេស ធ្វើការសហការវិនិយោគលើការដាំឈើឡើង នៅតាមស្ថានីយ៍ផ្សព្វផ្សាយ និងដាំឈើឡើងវិញ ជាមួយរដ្ឋបាលព្រៃឈើ។
ជាងនេះទៅទៀត លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការពិភាក្សាលម្អិតបន្ថែមជាមួយរដ្ឋបាលព្រៃឈើ លើការងារបច្ចេកទេស និងនីតិវិធី ហើយបទដ្ឋានគិតិយុត្ត ដែលមានការពាក់ព័ន្ធ។ ដោយឡែក ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ នឹងរង់ចាំសហការ និងគាំទ្រលើគម្រោងនេះ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនសម្រេចទទួលបាន ជោគជ័យ៕