ភ្នំពេញ៖ ដោយមានវត្តមាន អស់រយៈពេលជិត មួយសតវត្សរ៍ នៅក្នុងប្រទេសជាដៃគូ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រារព្ធខួប៨០ឆ្នាំរបស់ខ្លួន ដែលជាឱកាសសម្រាប់គូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្ត ចំពោះអ្នកបំពេញការងាររួមគ្នា ជាមួយទីភ្នាក់ងារ AFD នៅតាមមូលដ្ឋាន ហើយមានជោគវាសនាផ្សារភ្ជាប់គ្នា ជាងពេលណាៗទាំងអស់។ ដើម្បីរម្លឹកខួបនេះ ទីភ្នាក់ងារ AFD នៅកម្ពុជា និងស្ថានទូតបារាំងប្រចាំកម្ពុជា ក៏បានរៀបចំពិធីជួបជុំមួយ ដែលជាឱកាសផងដែរសម្រាប់សម្ពោធពិព័រណ៍ « សំឡេងស្រ្តី – Women’s Voices »។
ចាប់តាំងពីពេលបង្កើតឡើងដោយ លោកឧត្តមសេនីយ៍ ដឺហ្គោល កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៤១ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ឬហៅកាត់ថា AFD បានរក្សាគោលការណ៍មនុស្សធម៌របស់ខ្ឡួន ក្នុងការងារប្រយុទ្ធប្រឆាំងវិសមភាពនៅក្នុងពិភពលោក និងការប្រែប្រួលបរិស្ថាន។ ក្នុងន័យនេះ អស់រយៈពេលជិតមួយសតវត្សរ៍ មកហើយ ដែលទីភ្នាក់ងារ AFD ផ្តល់ការជួយជ្រោមជ្រែង នៅតាមមូលដ្ឋានដល់សកម្មភាពសាមគ្គីភាព នៅគ្រប់ទីកន្លែងនៅលើពិភពលោក ដើម្បី និងជាមួយស្ថាប័នផ្សេងៗទៀត។
នៅកម្ពុជា ទីភ្នាក់ងារ AFD មានវត្តមានចាប់តាំងពីឆ្នាំ១៩៩៣ ហើយស្ថិតក្នុងចំណោមស្ថាប័នធំៗ ដែលផ្តល់ហិរញ្ញប្បទានជួយដល់ប្រទេសកម្ពុជា ក្រោយពេលចប់សង្គ្រាមស៊ីវិល។ ចាប់ពីពេលនោះមក ទីភ្នាក់ងារ AFD បានផ្តល់ហិរញ្ញប្បទាន ប្រមាណ៩០០លានអឺរ៉ូ ហើយផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំ ជាមធ្យម១០០លានអឺរ៉ូ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ចំពោះប្រវត្តិសាស្រ្តនិងគម្រោងនានា ដែលបានអនុវត្ត ក្នុងបណ្តាទសវត្សរ៍ចុងក្រោយ ស្ត្រីនិងបុរស បានផ្លាស់វេនគ្នា ដើម្បីជួយជ្រោមជ្រែង និងកសាងរួមគ្នានូវគម្រោងប្រកបដោយចីរភាព។ សម្រាប់អាយុកាល៨០ឆ្នាំរបស់ខ្លួន ទីភ្នាក់ងារ AFD មានបំណងបែរឆ្ពោះទៅរកអនាគតជាមួយដៃគូ និងលើកជាសំណួរថា តើយើងចង់កសាងពិភពបែបណានៅឆ្នាំ២១០១?
អ្វីដែលប្រាកដច្បាស់នោះ គឺថាអនាគតនេះ នឹងមិនអាចកសាងឡើងដោយគ្មានវត្តមា នស្ត្រីចូលរួមនោះឡើយ។ អាស្រ័យហេតុនេះហើយទើប ទីភ្នាក់ងារ AFD មានបំណងលើកស្ទួយតម្លៃស្ត្រី នៅក្នុងឱកាសនៃការប្រារព្ធខួប៨០ឆ្នាំរបស់ខ្លួន។ ពិព័រណ៍ « សំឡេងស្រ្តី – Women’s Voices » ដែលត្រូវបើកសម្ពោធនៅថ្ងៃទី០៨ ខែធ្នូនៅក្នុងឧទ្យានស្ថានទូតបារាំង ដោយរួមសហការជាមួយ ស្ថានទូតបារាំងប្រចាំកម្ពុជា មានគោលដៅផ្សព្វផ្សាយ សំឡេងស្ត្រីកម្ពុជា ដែលមានលក្ខណៈបណ្តុះគំនិត នៅក្នុងគម្រោងនានា គាំទ្រដោយទីភ្នាក់ងារ AFD ក៏ដូចជាបង្ហាញអំពីប្រវត្តិ ការផ្តួចផ្តើមគំនិត និងបញ្ហាប្រឈមរបស់ពួកគេ។
រូបថតស្ត្រីទាំងនេះ ដែលថតដោយអ្នកថតរូបវ័យក្មេង ឈ្មោះ Mech Sereyrath និងរៀបចំដោយសមាគម Minor Act នឹងបង្ហាញនូវការប្តេជ្ញាចិត្តរបស់ស្រ្តីនានា ក្នុងការជម្នះឧបសគ្គ ដែលរាំងស្ទះដល់ឯករាជ្យភាពរបស់ពួកគេ។ សក្ខីកម្មរបស់ពួកគេ បង្ហាញឱ្យឃើញថាតើពួកគេ បានធ្វើឱ្យមានការផ្លាស់ប្តូរ ជារៀងរាល់ដូចម្តេចខ្លះ ដើម្បីឱ្យកម្ពុជានៅពេលអនាគត ត្រូវបានទ្រទ្រង់ដោយស្ត្រីផងដែរ។
នៅពេលបន្ទាប់ ពិព័រណ៍នេះ នឹងត្រូវយកទៅដាក់តាំង នៅខាងមុខការិយាល័យរបស់ទីភ្នាក់ងារ AFD ដែលមានអាសយដ្ឋានអគារលេខ៥ ផ្លូវលេខ១០៦ ហើយបន្ទាប់ពីនោះនឹងដាក់បង្ហាញនៅវិទ្យាស្ថានបារាំងនៅកម្ពុជា។
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា យល់ឃើញថា ការប្រារព្ធខួប៨០ឆ្នាំរបស់ទីភ្នាក់ងារ AFD នៅស្ថានទូតបារាំង គឺជាឱកាសដ៏ល្អមួយ ក្នុងការការពារ និងលើកស្ទួយសមភាព រវាងស្ត្រី និងបុរស។ ចាប់តាំងពីឆ្នាំ២០១៨ ជាមួយយុទ្ធសាស្រ្តអន្តរជាតិ ដើម្បីសមភាពស្ត្រីនិងបុរស ប្រទេសបារាំងមានការប្តេជ្ញាចិត្ត ចំពោះការទូតស្ត្រីនិយម។ លោកមានប្រសាសន៍ថា ការបា្ររព្ធខួបនេះ ក៏ជាឱកាសដ៏ប្រសើរមួយផងដែរ ក្នុងការបង្ហាញអំពីការទូតរបស់បារាំង ដែលផ្អែកលើការអភិវឌ្ឍ ប្រកបដោយចីរភាព ពោលគឺការពារភពផែនដី ពីផលវិបាកអវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ និងធានាបាននូវអនាគតមួយប្រសើរជាងមុន សម្រាប់មនុស្សទាំងអស់គ្នា។
គោលនយោបាយអភិវឌ្ឍន៍របស់ប្រទេសបារាំង ធ្វើឡើងស្របតាមក្របខ័ណ្ឌមួយ ដែលកំណត់ដោយសហគមន៍អន្តរជាតិ ជាពិសេសកម្មវិធីអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ២០៣០ ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ ដោយមហាសន្និបាតអង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងក្រុងប៉ារីស៍ ស្តីពីបម្រែបម្រួលអាកាសធាតុ និងកម្មវិធីសកម្មភាព Addis-Abeda ស្តីពីការផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ។ គោលនយោបាយខាងលើ ក៏ស្ថិតនៅក្នុងកិច្ចព្រមព្រៀងថ្មី សម្រាប់ការអភិវឌ្ឍរបស់អឺរ៉ុប ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៧។
លោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារ AFD ប្រចាំកម្ពុជា បានមានប្រសាសន៍ដោយសោមនស្សរីករាយថា៖ « ខ្ញុំរីករាយដែលយើងប្រារព្ធខួប៨០ឆ្នាំនៃទីភ្នាក់ងារ AFD ដោយផ្តោតលើប្រធានបទដែលមានសារសំខាន់បែបនេះ សម្រាប់ប្រទេសបារាំង និងទីភ្នាក់ងារ AFD ពោលគឺផ្តោតលើសមភាព រវាងស្ត្រី និងបុរស។ ខ្ញុំសូមថ្លែងអំណរគុណ ដ៏កក់ក្តៅចំពោះស្ត្រីទាំងអស់ ដែលបានយល់ព្រមចូលរួម ក្នុងគម្រោងនេះ។ សូមថ្លែងអំណរគុណដល់ពួកគេ ដែលបានបញ្ចេញទស្សនៈដើម្បីបង្ហាញអំពីវិសមភាព និងស្នើឡើងនូវដំណោះស្រាយជាក់ស្តែង ដើម្បីកែលម្អស្ថានភាពនានា។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ផងដែរ ចំពោះការងាររបស់អង្គការ Minor Act ដែលបានផ្តល់ភាពរស់រវើក ដល់រូបថតទាំងនេះ ក៏ដូចជាផ្តល់សោភ័ណភាពដល់សក្ខីកម្មទាំងនេះ តាមរយៈស្នាដៃរបស់សិល្បករខ្មែរ វ័យក្មេងដែលបានកៀរគរគ្នា លើគម្រោងនេះ។ យើងសង្ឃឹមថា រូបថត សារ និងគំនិតផ្តួចផ្តើមទាំងនេះ នឹងបង្កើតជាសំណួរ និងការបណ្តុះគំនិត »៕