ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា នឹងទៅអាមេរិក ធ្វើជាសហប្រធានជាមួយ លោក ចូ បៃឌិន បើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នឹងអញ្ជើញធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក្នុងនាមជាសហប្រធានជាមួយនឹងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ។

ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំនឹងទៅអាមេរិក ទៅធ្វើសហប្រធានជាមួយ ចូ បៃដិន នៅខែ២ ។ គាត់សុំប្រជុំខែ១ ព្រោះខែ១ អាស៊ានរវល់ ខែ២ ខ្ញុំនឹងទៅអាមេរិក ទៅប្រជុំអាស៊ាន ក្នុងពេលខែ្មរធ្វើប្រធានអាស៊ាន ។ បើប្រជុំកើតឡើងមែន ខ្ញុំធ្វើជាសហប្រធានជាមួយអាមេរិក អ្នកទាំងអស់គ្នាគិតយ៉ាងម៉េច ។ កុំសូវពេក ស្អីឡើង ហ៊ុន សែន ចេះ ហ៊ុន សែន ចុះ ប្រធានអាស៊ាន បើប្រធានអត់ទៅ ការប្រជុំនឹងក៏អត់កើតដែរ»។

សម្ដេចតេជោបន្ដថា កាលពីអំឡុងខែមីនា ឆ្នាំ២០២០ សម្ដេចមានគម្រោងទៅប្រជុំនៅអាមេរិក ជាមួយ លោក ដូណាល់ត្រាំ ក៏ប៉ុន្ដែផ្ទុះជំងឺកូវីដ-១៩ ត្រូវបានផ្អាក។ សម្រាប់ឆ្នាំ២០២២ខាងមុខ សម្ដេចបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមកិច្ចប្រជុំជាមួយ លោក ចូ បៃដិន ៕

To Top