ព័ត៌មានជាតិ

សម្តេចតេជោ ៖ កាស៊ីត ភារម្យា ជំទាស់ដំណើរទស្សនកិច្ចខ្ញុំទៅមីយ៉ាន់ម៉ា គឺជារឿងរបស់ក្រុមប្រឆាំង (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា លោក កាស៊ីត ភារម្យា អតីតរដ្ឋមន្ត្រីការបទេសថៃ បានប្រកាសជំទាស់ ដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា គឺជារឿងរបស់ក្រុមប្រឆាំងតែប៉ុណ្ណោះ ។ សម្តេច នឹងធ្វើទស្សនកិច្ចមីយ៉ាន់ម៉ា នៅថ្ងៃ៧-៨មករា ដើមឆ្នាំ២០២២ ។

ក្នុងពិធីត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ នៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោបានរំលឹក ពីលោកកាស៊ីត ភារម្យា កាលពីអំឡុងឆ្នាំ២០០៩ ដែលបានហៅសម្តេចថា “សុភាពបុរសចិត្ត ជាអ្នកលេង”។ សម្តេចបន្តថា ប៉ុន្តែ លោក កាស៊ីត ភារម្យា មិនបានប៉ុន្មានថ្ងៃផង បានសរសេរលិខិតសុំទោសសម្តេច ក្រោយសម្តេចគំរាមមិនចូលប្រជុំអាស៊ានដែលកាលនោះ ថៃធ្វើជាម្ចាស់ផ្ទះ ។

ប៉ុន្តែសម្រាប់ពេលនេះ សម្តេចតេជោលើកឡើងថា លោក កាស៊ីភារម្យា ជំទាស់សម្តេចម្តងទៀត។ សម្តេចថា «ឥឡូវបើអ្នកចង់ធ្វើការប្រឆាំង គឺប្រឆាំងរហូតទៅ ប៉ុន្តែរដ្ឋាភិបាលបច្ចុប្បន្ន លោកប្រាយុទ្ធ ចាន់អូចា បានបញ្ជូនរដ្ឋមន្ត្រីការបរទេសទៅមីយ៉ាន់ម៉ា ហើយបានផ្តល់ជំនួយផងដែរ។ នេះជាឥរិយាបថអ្នកជិតខាងជាមួយមីយ៉ាន់ម៉ា ។ អីចឹងគោលជំហររដ្ឋាភិបាលថៃ និងអ្នកប្រឆាំងខុសគ្នា(កាស៊ីភារម្យា)»។

សម្តេចតេជោ ក៏បានផ្តាំទៅលោក កាស៊ីតភារម្យា ទៀតថា «ខ្ញុំចង់ផ្តាំទៅ លោក កាស៊ីតភារម្យាថា អ្នកឯងត្រូវយល់ សូម្បីអ្នកនៅពេលធ្វើរដ្ឋមន្ត្រីការបរទេស អ្នកឯងក៏មានបញ្ហាជាមួយកម្ពុជាដែរ ។ ឥឡូវគោលជំហររបស់អ្នកឯង ផ្ទុយគោលជំហររដ្ឋាភិបាលថៃ ហើយរដ្ឋាភិបាលកម្ពុជាផង អីចឹងទុកអ្នកឯងប្រឆាំងនៅម្ខាង។ ឯខ្ញុំដោះស្រាយបញ្ហាជារឿងរបស់ខ្ញុំ»។

សម្តេចក៏បានលើកឡើងថា ការសង្គ្រោះពីអាស៊ាន បែកបាក់ពី១០មកពី៩ ហើយសង្គ្រោះពី៩ ទៅ១០ តើត្រូវឬអត់? ដូច្នេះ សូមអ្នកវិភាសរសេរអត្ថបទធំៗ លើពិភពលោកសរសេរទៅ ព្រោះបើទុកសមាជិកអាស៊ាន តែ៩ប្រទេសនោះ គឺខុសធម្មនុញ្ញាអាស៊ាន ។

សូមបញ្ជាក់ថា ថ្មីៗនេះ លោក កាស៊ីត ភារម្យា អតីតរដ្ឋមន្រ្តីកាបរទេសថៃ និងបច្ចុប្បន្នជាសមាជិកគណៈកម្មាធិការ នាយករបស់APHR បានលើកឡើងថា សម្ដេចតេជោ កំពុងតែព្យាយាមធ្វើឲ្យកិច្ចខិតខំប្រឹងប្រែង តស៊ូមតិដ៏លំបាករបស់អាស៊ាន ប្រឆាំងមេដឹកនាំ រដ្ឋប្រហារមីយ៉ាន់ម៉ា ឬភូមា ប្រែក្លាយជាអសារបង់ ដោយសារតែការប៉ុនប៉ងទទួលស្គាល់ និងព្យាយាមចង់ឲ្យមេដឹកនាំរបបនេះ អាចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០២២ ខាងមុខ៕ សំណាង

To Top