ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ណែនាំឲ្យម្ចាស់អាជីវកម្ម សរសេរស្លាកយីហោអក្សរខ្មែរ លើអក្សរបរទេស និងទំហំធំជាង ២ដង

កំពង់ចាម ៖ ដោយអនុវត្ត ទៅតាមការ ណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៨ ខែធ្នូឆ្នាំ ២០២១ ក្រុមការងារត្រួតពិនិត្យ ការដាក់តាំងផ្ទាំងផ្សព្វផ្សាយ និងស្លាកយីហោផ្សេងៗ ក្នុងខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់អាជីវកម្ម ក្នុងក្រុងកំពង់ចាម អំពីរបៀបសរសេរអក្សរលើស្លាកយីហោ ឬផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗ ឲ្យបានត្រឹមត្រូវ ។

ក្រុមការបានឲ្យដឹងថា ការចុះត្រួតពិនិត្យនោះ ដោយតម្រូវឲ្យម្ចាស់អាជីវកម្មនានា ត្រូវគោរពតាមគោលការណ៍ ដែលមានចែងក្នុងប្រកាសឲ្យបានត្រឹមត្រូវ ដោយត្រូវប្រើអក្សរជាតិ នៅខាងលើទំហំធំ ជាងអក្សរបរទេសពីរដង។ ចំណែកអក្ខរាវិរុទ្ធ ត្រូវគោរព តាមក្បួនវេយ្យាករណ៍ និងវេចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត រីឯគំនូររូបភាព ដែលភ្ជាប់ជាមួយផ្ទាំង ត្រូវរក្សាឲ្យមានសោភណ្ឌភាព និងលក្ខណៈថ្លៃថ្នូររបស់ជាតិផងដែរ។

ជាមួយគ្នានោះ ក្រុម ការងារ ក៏បានជំរុញ ការលើកស្លាកអាជីវកម្ម ឲ្យបានត្រឹមត្រូវ តាមការកំណត់ ព្រមទាំងជំរុញ ឲ្យម្ចាស់អាជីវកម្ម ដែលមិនទាន់ មានអាជ្ញាប័ណ្ណ ឬវិញ្ញាបណ្ណប័ត្រចុះបញ្ជីពាណិជ្ជកម្ម ឲ្យមកសុំច្បាប់ឲ្យបានត្រឹមត្រូវ ព្រមទាំងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ឋផ្សេងៗ ។

ចំណែកលទ្ធផល ក្រុមការងារបានចុះពិនិត្យអាជីវកម្មចំនួន៥ ទីតាំង ដែលបានលើកស្លាក ជាភាសាបរទេស និងបានពន្យល់ណែនាំអំពីច្បាប់ នៃការលើកស្លាកអាជីវកម្មអនុលោមតាមច្បាប់ ព្រមទាំងជំរុញឲ្យគាត់សុំអាជ្ញា ប័ណ្ណប្រកបអាជីវកម្ម ឲ្យបានឆាប់ និងកែសម្រួល ស្លាកយីហោអាជីវកម្ម ឲ្យបានត្រឹមឡើងវិញផងដែរ ៕

To Top