ភ្នំពេញ ៖ លោក ហុក ហួរលីម នាយករដ្ឋបាលរាជធានីភ្នំពេញ ស្តីទី បានលើកឡើងថា ដោយសារកម្រៃសេវាប្រមូល និងដឹកជញ្ជូន សំរាមឆ្នាំ២០០៣ មិនអាចឆ្លើយតបកំណើនសេដ្ឋកិច្ច សន្ទស្សន៍ថ្លៃទំនិញ និងជីវភាពរស់នៅនាពេលបច្ចុប្បន្នបាន ទើបបច្ចុប្បន្នមានការឡើង ថ្លៃសេវាប្រមូលសំរាម។
នេះជាការលើកឡើង របស់លោកក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។
កិច្ចប្រជុំនេះ បានលើកយកបញ្ហាការឡើងថ្លៃ សេវាប្រមូលនិងដឹកជញ្ជូនសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ មកបង្ហាញ ខណៈមានក្រុមហ៊ុន ប្រមូលនិងដឹកជញ្ជូនសំរាម និងសំណល់រឹងចំនួន៣ បាននិងកំពុងប្រកួតប្រជែងគ្នា ក្នុងការប្រមូលសំរាម ។ សព្វថ្ងៃមើលឃើញថា សេវានេះ មានលក្ខណៈល្អប្រសើរជាងមុន ។
លោក ហុក ហួរលីម បានថ្លែងថា “ការអនុវត្តតារាងកម្រៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងឆ្នាំ២០០៣ មិនអាចឆ្លើយតបទៅ នឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ កំណើនសន្ទស្សន៍ ថ្លៃទំនិញ និងជីវភាពរស់នៅ នាពេលបច្ចុប្បន្ន ពិសេសមិនមានលទ្ធភាព ទូទាត់ថ្លៃសេវាជូនប្រតិបត្តិករថ្មីទាំង៣ (ប្រើប្រាស់រថយន្តដឹកសំរាម រថយន្ត បោសថ្នល់ រថយន្តបាញ់លាងសម្អាតថ្នល់ និងឧបករណ៍សម្ភារៈថ្មីៗ ព្រមទាំងប្រាក់ បៀវត្សបុគ្គលិក កម្មករ ដែលមានតម្លៃខ្ពស់ជាងមុន) ព្រមទាំងការចំណាយ រដ្ឋបាលរបស់សហគ្រាសគ្រប់គ្រងសំរាម សំណល់ រឹងទីប្រជុំជនរាជធានី ភ្នំពេញ និងការរៀបចំទីលានទុកដាក់សំរាមសុវត្ថិភាព ។ ដូច្នេះហើយ រដ្ឋបាល រាជធានីភ្នំពេញ បានចេញសេចក្តី ជូនដំណឹងចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ដីពីការដាក់ឲ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង(ថ្មី) នៅរាជធានីភ្នំពេញ ដើម្បីធានាប្រក្រតីភាព នៃប្រតិបត្តិការថ្មី និងឲ្យត្រូវតាមការអភិវឌ្ឍ រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន” ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា ពីមុនប្រជាពលរដ្ឋមួយចំនួន មិនបានបង់ថ្លៃសំរាមឲ្យក្រុមហ៊ុននោះទេ ដោយពួកគាត់លើកហេតុផលថា ការប្រមូលសំរាមមិនស្អាត ទុកឲ្យស្អុយរយៈពេលច្រើនថ្ងៃ ធ្វើឲ្យពួកគាត់មិនអាចទទួលយកបាន ។ ពួកគាត់ក៏មិនបានបង់ថ្លៃសេវាប្រមូលសំរាមនោះដែរ តែមកដល់ពេលនេះ ពោលក្រោយមានក្រុមហ៊ុន៣ប្រកួតប្រជែង លើការប្រមូលសំរាម ឃើញថា ការប្រមូលការដឹកជញ្ជូនសំរាមសំណល់រឹងមានភាពល្អប្រសើរជាងមុន ។
ចំពោះការឡើងថ្លៃនេះ មានប្រជាពលរដ្ឋមួយចំនួន មានភាពរអ៊ូរទាំ ប៉ុន្តែត្រូវបានលោក កើត ឆែ បញ្ជាក់ថា ធាតុពិតមិនមានការឡើងថ្លៃនោះទេ បើគិតពីតម្លៃនៃការប្រមូលសំរាមសម្រាប់ផ្ទះល្វែង១ម៉ឺនរៀលនេះ ដូចជាមិនថ្លៃនោះទេ ដោយតារាងកម្រៃសេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងឆ្នាំ២០០៣ តម្លៃផ្ទះល្វែងមិនធ្វើអាជីវកម្ម តម្លៃ៤០០០រៀល កាលនោះ គឺយើងអាចទិញគុយទាវហូបបាន១ចាន តែពេលនេះមិនអាចទិញគុយទាវ បាន១ចានទេ លុះត្រាតែ១ម៉ឺនរៀល ទើបទិញហូបបាន។
លោកក៏បានបញ្ជាក់បន្ថែមទៀតថា ការប្រមូលសំរាមនិងសំណល់រឹងនៅរាជធានីភ្នំពេញ ទៅលើការដំឡើងថ្លៃសំរាមថ្មីនេះ ប្រមូលបានថវិកាច្រើនជាមុនក៏ពិតមែន តែក៏មិនគ្រប់ចំនួនត្រូវបង់ឲ្យទៅក្រុមហ៊ុនប្រមូលសំរាមទាំង៣នោះ ។ លោកស្នើឲ្យពលរដ្ឋ ចូលរួមដើម្បីធ្វើឲ្យភ្នំពេញ មានអនាម័យនិងបរិស្ថានល្អ ៕