ព័ត៌មានជាតិ

គម្រោងចំណតកំពង់ផែកុងតឺន័រថ្មី នៅព្រះសីហនុ ដើម្បីធានាការចតនាវាកុងតឺន័រខ្នាតធំៗ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក

ភ្នំពេញ ៖ លោក ​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងទី៣ ដើម្បីធានាដល់ការចូលចតនាវា កុងតឺន័រខ្នាតធំៗ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងឆ្លើយតបនៃការកើនឡើងបរិមាណកុងតឺន័រ។

ក្នុងឱកាសទទួលជួបសម្តែងការគួរសមពីសំណាក់លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្តាប់របាយការណ៍អំពីគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ និងជំហានទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី៨ ធ្នូ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ និងជំហានទី៣ ដើម្បីធានាដល់ការចូលចតនាវា កុងតឺន័រខ្នាតធំៗប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងអនាគត»។

លោកគាំទ្រឲ្យគម្រោងទាំងពីរនេះអនុវត្តជាពីរជំហាន ដោយប្រើប្រាស់កញ្ចប់ថវិកាតែមួយ ទីប្រឹក្សាសិក្សាគូរប្លង់ និងត្រួតពិនិត្យគម្រោងតែមួយ និងក្រុមហ៊ុនសាងសង់អាចមានពីរក្រុមហ៊ុន ដើម្បីឲ្យការសាងសង់ប្រព្រឹត្តទៅបានលឿនទាន់ពេល ទាក់ទាញវិនិយោគិនបន្ថែម ចូលរួមចំណែកធ្វើឲ្យប្រសើរឡើងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ក៏ដូចជាដើម្បីជំរុញ និងលើកកម្ពស់កំណើន សេដ្ឋកិច្ចជាតិក្រោយវិបត្តិជំងឺកូវីដ-១៩។

ផ្ទាំងពាណិជ្ជកម្ម

លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីក្រោមឱវាទសហការជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មាន ដើម្បីជំរុញការផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបានសំខាន់ៗទាក់ទងនឹងការអភិវឌ្ឍកំពង់ផែនៅកម្ពុជាក្រោមជំនួយរបស់ជប៉ុន និងដៃគូអភវឌ្ឍន៍ផ្សេងៗទៀត ដើម្បីឲ្យពិភពលោកបានដឹងជ្រួតជ្រាប ជៀសវាងកុំឲ្យគេចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា «កម្ពុជាទទួលយកតែជំនួយពីប្រទេសចិន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងរបស់ខ្លួន»។

យោងតាមបទបង្ហាញដែលជាលទ្ធផលនៃការសិក្សាជាមួយទីភ្នាក់ងារ JICA លោក លូ គឹមឈន់ បានបញ្ជាក់ថា ការសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ ។ ដោយឡែកជំហានទី៣ គ្រោងបញ្ចប់នៅឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការជាក់ស្តែង នៃការកើនឡើងបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនេះ ជាមួយនឹងការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជា ។

សូមរំលឹកថា រដ្ឋាភិបាលកម្ពុជា បានកំណត់យកកំពង់ផែជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹកជាមួយបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់របស់កំពង់ផែ ៕

To Top