នយោបាយ

ចិន៖ គំនិតអាក្រក់ របស់អាមេរិកលើ ទំនាក់ទំនង ចិននិងកម្ពុជា នឹងបរាជ័យ

ភ្នំពេញ៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា គំនិតអាក្រក់ប៉ុនប៉ង របស់អាមេរិកលើ ទំនាក់ទំនង ចិននិង កម្ពុជា នឹងទទួលបរាជ័យ។ ការលើកលើកឡើងនេះបន្ទាប់ សហរដ្ឋអាមេរិក កាលពីថ្ងៃ៨ ខែធ្នូ ឆ្នាំ២០២១ បានប្រកាស សម្រេច បន្ថែម ទណ្ឌកម្ម រឹតត្បិត អាវុធ និង សម្ភារៈ យោធា មកឱ្យ កម្ពុជា ដោយ លើកពី ហេតុផល រំលោភ សិទ្ធិមនុស្ស អំពើពុករលួយ និង កំណើន នៃ ឥទ្ធិពល របស់ យោធាចិន នៅក្នុង ប្រទេស កម្ពុជា។

យោងតាមហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា នាថ្ងៃទី៩ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ របស់ក្រសួងការបរទេសចិន មានការលើកឡើងយ៉ាងដូច្នេះថា៖ នៅថ្ងៃទី៨ ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសថាអាមេរិកនឹងបន្ថែម វិធានការកំណត់ថ្មីលើការនាំចេញ និងនាំចេញឡើងវិញ នូវប្រភេទទំនិញរសើប របស់ខ្លួនមកកាន់កម្ពុជា និងព្រមទាំងមានការហាមឃាត់ លក់អាវុធនិងសម្ភារៈយោធា ដល់កម្ពុជា ដោយក្រោមហេតុផល ថាមានអំពើរំលោភបំពានសិទ្ធិមនុស្ស អំពើពុករលួយ និងការអនុញ្ញាតបង្កើនវត្តមាន យោធាចិន ក្នុងប្រទេសកម្ពុជា។

ឆ្លើយតបទៅនឹងការបង្កហេតុ ពីសំណាក់សហរដ្ឋអាមេរិកនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន មានប្រសាសន៍ថា ថ្មីៗនេះ អាមេរិកបន្តបង្ខូចឈ្មោះ និងលាបពណ៌លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងចិននិងកម្ពុជា គំរាមកំហែង ដាក់សម្ពាធ និងការដាក់ទណ្ឌកម្ម មកលើកម្ពុជា។ នេះគឺជាទង្វើ ដែលប្រើអំណាចគៀបសង្កត់ លើអ្នកដទៃយ៉ាងពិតប្រាកដ និងច្បាស់លាស់ នេះបានល្មើសនឹង ក្រមប្រតិបត្តិមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិផងដែរ។

លោក Wang Wenbin បញ្ជាក់ថា «ភាគីចិនប្រឆាំងជាដាច់ខាតចំពោះទង្វើបែបនេះ»។

អ្នកនាំពាក្យក្រសួងការបរទេសចិន រូបនេះបន្ថែមថា ចិននិងកម្ពុជា គឺជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងជាសហគមន៍វាសនារួម។ ចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ ឆ្លងកាត់ការសាកល្បង តាមគ្រប់រូបភាព ធ្វើឱ្យកាន់តែរឹងមាំ មិនអាចបំបែកបាន។

លោក Wang Wenbin សង្កត់ធ្ងន់ថា «គំនិតអាក្រក់ប៉ុនប៉ង របស់អាមេរិកលើ ទំនាក់ទំនង ចិននិង កម្ពុជា នឹងទទួលបរាជ័យ ។ ភាគីចិនគាំទ្រកម្ពុជា យ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូរនៃជាតិ នឹងគាំទ្រឈរជាមួយ ប្រជាជនកម្ពុជាជារៀងរហូត»៕

To Top