ព័ត៌មានជាតិ

លោក កឹម សុខា ថា ជាង៣ទសវត្សមកនេះ លោកផ្តល់អាទិភាពលើការងារសិទ្ធិមនុស្ស (Video)

ភ្នំពេញ ៖ ក្នុងនាមធ្លាប់ធ្វើការនៅខាងអង្គការការពារសិទ្ធិនៅកម្ពុជា លោក កឹម សុខា បានលើកឡើងថា ក្នុង៣ទសវត្សកន្លងមកនេះ លោកបានផ្តល់អាទិភាពលើការងារសិទ្ធិមនុស្ស ទោះក្នុងឋានៈជាអ្វីក៏ដោយ ។

ការលើកឡើងរបស់លោកនេះ ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ (១០ធ្នូ ១៩៤៨-១០ធ្នូ ២០២១)។

លោក កឹម សុខា បានបញ្ជាក់ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា “ដោយយល់ស្រប និងគាំទ្រនូវគុណតម្លៃសិទ្ធិមនុស្សនេះហើយ បានជាជាង៣ទសវត្សរ៍ចុងក្រោយនេះ ខ្ញុំផ្តល់អាទិភាពលើការងារសិទ្ធិមនុស្ស ទោះបីខ្ញុំស្ថិតក្នុងឋានៈណាក៏ដោយ”។

លោកថា កន្លងមកលោកបានចូលរួមផ្តួចផ្តើម និងទាមទារបញ្ចូលខ្លឹមសារគោលការណ៍សិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ និងទាមទារឲ្យបង្កើតនូវយន្តការសិទ្ធិមនុស្ស ក្នុងស្ថាប័ននានាមានដូចជាក្នុងរដ្ឋសភា ព្រឹទ្ធសភា និងបន្តទាមទារឲ្យមានស្ថាប័នសិទ្ធិមនុស្សជាតិដែលឯករាជ្យនៅកម្ពុជា និងក្នុងតំបន់ផងដែរ។

ដូច្នេះលោកយល់ថា ដើម្បីធានា ការពារសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គមឲ្យរឹងមាំ គួរតែរួមគ្នាលើកស្ទួយ គោរព និងការពារសិទ្ធិមនុស្សជាមូលដ្ឋាន ។

សូមរំលឹកថា សេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាតិ ស្តីពី សិទ្ធិមនុស្សកាលពី៧៣ឆ្នាំមុន គឺនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ បានធ្វើឡើងបន្ទាប់ពីចប់សង្គ្រាមលោកលើកទី២ ដែលពិភពលោកបានរកឃើញថា «ការគោរព និងការពារសិទ្ធិមនុស្ស គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងវិបុលភាព»៕

To Top