ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជាឲ្យពិនិត្យមន្ដ្រីនគរបាល ឡើងស័ក្តិមួយឆ្នាំម្ដង ដើម្បីចាត់វិធានការ (Video)

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យពិនិត្យឡើងវិញ ចំពោះមន្ដ្រីនគរបាលឡើងឋានន្តរស័ក្តិមួយឆ្នាំម្ដង ដើម្បីចាត់វិធានការ ខណៈមន្ដ្រីនគរបាលមួយចំនួន ៥ឆ្នាំឡើងស័ក្តិម្ដង ។

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ សម្ដេច ស ខេង បានណែនាំឲ្យមន្ដ្រីនគរបាលទាំងអស់ ត្រូវរៀនចំណេះដឹងផ្នែកប៉ូលីស ត្រឹមត្រូវ។

សម្ដេចក៏បានឲ្យពិនិត្យតាំងពីអនុប្រធានការិយាល័យឡើងទៅ រហូតដល់អគ្គស្នងរងនគរបាលជាតិ តើអ្នកណាខ្លះ បានរៀនប៉ូលីសត្រឹមត្រូវ ឬអ្នកណាមិនទាន់បានរៀន? បើរកឃើញហើយ ឲ្យពួកទៅរៀនវគ្គផ្នែកប៉ូលីសឡើងវិញ ។

សម្ដេចបញ្ជាក់ថា «ហើយស័ក្តិ ក៏ដូចគ្នាដែរ ត្រូវពិនិត្យឋានន្តរស័ក្តិនគរបាល អ្នកខ្លះឡើងមួយឆ្នាំម្ដង តែអ្នកខ្លះ បីឆ្នាំ បួនឆ្នាំ ប្រាំឆ្នាំ ឡើងម្ដង ចឹងអយុត្តិធម៌ហើយ ចឹងត្រូវមើលឡើងវិញ ត្រូវពិនិត្យទាំងអស់ រកឃើញហើយ ចាត់ការដើម្បីដោះស្រាយ បើមិនចឹងទេ គឺអយុត្តិធម៌ សម្រាប់បងប្អូនប៉ូលីស»។

ជាងនេះទៅទៀត សម្ដេច ស ខេង ក៏ឲ្យពិនិត្យចំពោះមន្ដ្រីនគរបាលប៉ុស្ដិ៍ ដើម្បីដឹងចំណុចខ្លាំង ចំណុចខ្សោយ ហើយរៀបចំដាក់ផ្នែកការពង្រឹងបន្ថែមទៀត តើពួកគាត់មានក្របខណ្ឌ ឬរៀនសូត្រត្រឹមត្រូវអត់? ដើម្បីរៀបចំគោលការណ៍កំណែងទម្រង់គុណភាពនគរបាល ជាពិសេសធ្វើយ៉ាងណាកុំឲ្យនគរបាល និងប្រជាពលរដ្ឋ ក្លាយជាសត្រូវនឹងគ្នា ដោយឲ្យពលរដ្ឋសប្បាយចិត្ត និងជឿទុកចិត្តក្នុងការរស់នៅ ៕

To Top