ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចែកជូនអំណោយជាអាវរងា ក្រមានិងភួយ១ដល់ជនអនាថា ជនចាស់ជរា ជនវិបល្លាសស្មារតី ស្រីរកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺរបេង រស់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ច រាជធានីភ្នំពេញជាង៤០០នាក់ ខណៈរដូវរងាបានមកដល់ ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចនិង យុវនីតិសម្បទារាជធានីភ្នំពេញនៅថ្ងៃ១០ ធ្នូបានលើកឡើងថា សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងមណ្ឌលសំចតសង្គមកិច្ច ។ ជាក់ស្តែងតាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោកស្រី នាំយកអំណោយរបស់សម្ដេចទាំងពីរ មកប្រគល់ជូនពួកគាត់នៅមណ្ឌលសំចត សង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ)នេះ ។

លោកស្រី មុំ ចាន់ដានី បញ្ជាក់ថា សម្ដេចតេជោ តាមរយៈលោក ឃួង ស្រេង បានយកចិត្តទុកដាក់ទាំងការហូបចុក ការស្លៀកពាក់ ការរស់នៅនិងយកចិត្តទុកដាក់ទៅលើបញ្ហាសុខមាលភាពរបស់ ជនអនាថា ជនចាស់ជរា ជនវិបល្លាសសារតី ស្រីរកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺរបេងរស់នៅទីនេះ ដោយពួកគាត់ទាំងអស់ ត្រូវបានចាក់សាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣ រួចរាល់អស់ហើយ ។ គិតមកដល់ថ្ងៃនេះ គឺមិនមាន បងប្អូនណាម្នាក់ បានឆ្លងឬស្លាប់ដោយជម្ងឺកូវីដ-១៩នោះទេ ។

ក្នុងនោះដែរ លោកស្រី អំពាវនាវ បងប្អូនរងគ្រោះ និងងាយរងគ្រោះរស់ក្នុងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ)នេះ យកចិត្តទុកដាក់ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ទាំងគ្នា ពោលគឺត្រូវអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន ៣កុំនិង៣ការពារ របស់សម្ដេចតេជោហ៊ុនសែន។

ក្នុងឱកាសនេះដែរ លោកស្រី សោម សេងហ៊ាង ប្រធានមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះ និងងាយរងគ្រោះ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលនេះចំនួន៤០៨នាក់ (ស្រី ១៨២នាក់) ក្នុងនោះមាន ៖ ជនអនាថាចំនួន ២៥២នាក់ (ស្រី៨៦នាក់) ជនចាស់ជរាចំនួន ៣១នាក់ (ស្រី ១៨នាក់) ជនវិបល្លាសស្មារតី ចំនួន ៨៧នាក់ (ស្រី ៤៨នាក់) ស្រីរកស៊ីផ្លូវភេទ មានចំនួន ១៤នាក់ អ្នកផ្ទុកមេរោគអេដស៍មានចំនួន១៥នាក់ (ស្រី ១២នាក់) និងអ្នកកើតជំងឺរបេងចំនួន៩នាក់ (ស្រី ៤នាក់) ។ ដោយក្នុងម្នាក់ៗទទួលបាន អាវរងា១ ក្រមា១និងភួយ១៕


