ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២១ បានប្រកាសសាលដីកាតម្កល់ទោស បុរសជាប់ចោទចំនួន ២នាក់ ដោយតម្កល់ទោស ពួកគេ ក្នងម្នាក់ៗ កំណត់១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឃាតកម្ម ដោយព្រួតគ្នាវាយសម្លាប់ បុរសអ្នកបើកឡាន តាក់ស៊ី ម្នាក់ ក្នុងរឿងជម្លោះគ្រោះថ្នាក់ចរាចរណ៍ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០១៨ នៅខេត្តស្វាយរៀង ។
![](https://dap-news.com/wp-content/uploads/2021/12/photo_2021-12-10_14-36-08-1-576x1024.jpg)
លោក ប្លង់ សំណាង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ទរណ៍ រាជធានី ភ្នំពេញ បានអោយដឹងថា ជនជាប់ចោទខាងលើ មានឈ្មោះ ទិត រាជ ភេទ ប្រុស អាយុ១៩ឆ្នាំ និង ម្នាក់ទៀត ឈ្មោះជួន សុជាតិ ភេទប្រុស អាយុ៤៣ឆ្នាំ ។
ចំណែក ជនរងគ្រោះ មានឈ្មោះគុជ សំអៀត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅ ភូមិព្រៃឈើទាល ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។
ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពី មានការសង្ស័យថា បានរួមគ្នា សម្លាប់ជនរងគ្រោះ កាលពីថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៨ ប្រព្រឹត្ត នៅព្រៃឈើទាល ឃុំ ប្រសូតិ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។
![](https://dap-news.com/wp-content/uploads/2021/12/photo_2021-12-10_14-36-11-1-576x1024.jpg)
ជនជាប់ចោទ ត្រូវបានតុលាការដំបូងខេត្ត ស្វាយរៀង កាល អំឡូង ឆ្នាំ ២០១៩ កាត់ទោសដាក់ពន្ធនាគា ក្នុង ម្នាក់ៗ កំណត់ ១២ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ឃាតកម្ម តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ។
![](https://dap-news.com/wp-content/uploads/2021/12/photo_2021-12-10_14-36-14-1-576x1024.jpg)
តែពួកគេបានប្តឹងមកកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ។ សាលាឧទ្ធរណ៍បាន សម្រេច បន្ធូរបន្ថយទោស ពួកគេ ពី ជាប់ពាក់គុក ក្នុងម្នាក់ៗ ១២ ឆ្នាំ មកនៅត្រឹម១០ ឆ្នាំ ក្នុងម្នាក់។ តែ ពួកគេបន្តប្តឹងសារទុក្ខ ទៅកាន់ តុលាការកំពូលទៀត។
![](https://dap-news.com/wp-content/uploads/2021/12/photo_2021-12-10_14-36-18-1-576x1024.jpg)
តុលាការកំពូល កាលពី ខែ មេសា ឆ្នាំ ២០២១ ក៏បានសម្រេច បង្វិលសំណុំរឿងក្តីនេះ មកកាន់ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីជំនុំជម្រះ សារជាថ្មី ឡើង វិញ៕
![](https://dap-news.com/wp-content/uploads/2021/12/photo_2021-12-10_14-36-21-1-576x1024.jpg)
ដោយ រស្មី អាកាស
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)