ព័ត៌មានជាតិ

កូវីដ១៩ បំផ្លាញសេដ្ឋកិច្ចកម្ពុជា ជិត៣ពាន់លានដុល្លារ និងឆក់ជីវិតពលរដ្ឋ ជិត៣ពាន់នាក់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជំងឺកូវីដ១៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជា អស់ជិត៣ពាន់លានដុល្លារ អាមេរិក និងសម្លាប់ជីវិត ពលរដ្ឋអស់ជិត៣ពាន់នាក់ ។

យោងតាមសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសវេទិកានិពន្ធ នាយកសារព័ត៌មានកម្ពុជា ស្តីពី ” កូវីដ-១៩ ៖ បញ្ហាប្រឈម និង ឱកាសសម្រាប់អ្នកសារព័ត៌មាន ” នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១បានបញ្ជាក់ថា ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមន្សរីករាយ យ៉ាងក្រៃលែង ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរ​ វទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលក្លឹប អ្នកកាសែត កម្ពុជាបានរៀបចំឡើង ជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ដែលបានអនុវត្តនា ពេលកន្លងមក និងកំណត់ ទិសដៅ សម្រាប់បន្តអនុវត្ត នៅពេលខាងមុខ ក្នុងគោលបំណងបង្កើន សមត្ថភាព យល់ដឹង និងជំរុញ ឱ្យអ្នកសារព័ត៌មាន បំពេញ ការងារតាមវិជ្ជាជីវៈ និងមានការទទួលខុសត្រូវ ដើម្បីលើក កម្ពស់គុណភាព កិត្យានុភាព របស់ស្ថាប័នព័ត៌មាន និងសេរីភាពសារព័ត៌មាន ដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចលើកឡើងថា ប្រធានបទស្តីពីកូវីដ-១៩ ៖ បញ្ហា ប្រឈមនិងឱកាស សម្រាប់អ្នកសារព័ត៌មាន” គឺពិតជាមានសារ សំខាន់ណាស់ និងសមស្រប តាមសភាពការណ៍ ជាក់ស្ដែងដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូលបានឆ្លងកាត់និងកំពុងប្រឈមទៅ នឹងការឆ្លងរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលរហូតមកដល់ ពេលនេះបានបង្ក គ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសកល សុខភាពសាធារណៈ និងបានឆក់ យកអាយុជីវិតមនុស្ស នៅទូទាំង សកលលោក អស់ជាង៥លាននាក់ ហើយមនុស្សជិត៣០០លាននាក់ បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះកូវីដ-១៩ ក៏បានបំផ្លាញ សេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យខាតបង់ថវិកា ប្រមាណជិតបីពាន់លានដុល្លារ អាមេរិក ហើយប្រជាជនកម្ពុជា ប្រមាណជាងពីរសែន នាក់ បានឆ្លងមេរោគកូវីដ-១៩ និងបានឆក់យកអាយុ ជីវិតប្រជាជនកម្ពុជាអស់ជិតបីពាន់នាក់។

សម្តេចថាបច្ចុប្បន្ន កម្ពុជា បានទប់ស្កាត់និងកាត់ផ្ដាច់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ក្នុង ទ្រង់ទ្រាយធំដែលធ្វើឱ្យចំនួន អ្នកឆ្លងនិងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានការថយចុះជាលំដាប់ពី មួយថ្ងៃទៅមួយថ្ងៃ ។
ជោគជ័យដ៏ធំធេង ដែលកម្ពុជា សម្រេចបាននៅពេលនេះ គឺដោយសាររាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយ ផ្តល់វ៉ាក់សាំង ជូនប្រជាពលរដ្ឋប្រកបដោយជោគជ័យ និង មានការចូលរួមពី បងប្អូនប្រជាពលរដ្ឋ ព្រមទាំងស្ថាប័ន និងភាគីពាក់ព័ន្ធដទៃទៀត ដែលរហូតមក ដល់ពេលនេះកម្ពុជា បាន ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានចំនួន ជិត១៥លាននាក់ ក្នុងចំណោមប្រជាជនជាង១៦លាននាក់ទោះបី មានការរបំផុសរារាំងពីក្រុមបក្សប្រឆាំង និងពួកអគតិមួយចំនួនមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងក៏ដោយ ក៏ប្រជាពលរដ្ឋយើងបានស្ម័គ្រចិត្ត ទៅចាក់វ៉ាក់សាំងដ៏ច្រើនលើសលុបដែលធ្វើឱ្យកម្ពុជា ទទួលបានចំណាត់ ថ្នាក់លេខ១នៅអាស៊ី និងលេខ៥នៅលើសកលលោក ក្នុងការចាក់វ៉ាក់សាំង បានច្រើនជាងគេ ។

ផ្ទាំងពាណិជ្ជកម្ម

សម្តេចបញ្ជាក់ថា ជោគជ័យ នៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ និងការអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលនិងវិធានការ របស់ក្រសួងសុខាភិបាល ក្នុងការប្រឆាំងទប់ស្កាត់ កាត់ផ្ដាច់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ចូលទៅក្នុង សហគមន៍ ព្រមទាំងការសាកល្បង បើកដំណើរការឡើងវិញ នូវពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលបាន អនុញ្ញាតឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបានឈប់សម្រាកពីការងារ អាចធ្វើដំណើរកំសាន្តនៅតាម រមណីយដ្ឋាននានា គ្រប់ទិសទី ទូទាំងព្រះរាជាណាចក្រកម្ពុជា ការបើកសាលារៀនឡើងវិញ ចាប់ពីថ្នាក់ អនុវិទ្យាល័យដល់ សកលវិទ្យាល័យ នៅទូទាំងប្រទេស គឺ ជាការសាកល្បងទ្រង់ទ្រាយធំជាជំហានៗ សំដៅ ធ្វើឱ្យកម្ពុជាមានលទ្ធភាព បើកដំណើរការលើគ្រប់វិស័យ និងបើកប្រទេសឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរ និងវិនិយោគិនបរទេស ដែលជាឱកាសស្ដារការអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីបានទទួលរងការ ខាតបង់ដោយសារកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ។

ជាមួយគ្នានេះដែរ សម្តេចថា ថ្វីត្បិតតែកម្ពុជា បានទទួលជោគជ័យ ក្នុង ការចាក់វ៉ាក់ សាំងកូវីដ-១៩ និងការចាត់វិធានការបានទាន់ ពេលវេលា ក្នុងការប្រឆាំងទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លង រីករាល ដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ដែលធ្វើឱ្យចំនួន អ្នកឆ្លងនិង អ្នកស្លាប់ មានការថយចុះ ក៏ពិតមែន ក៏ប៉ុន្តែយើងមិន អាចមើលស្រាលសភាព ការណ៍និងឱកាស នៃការវិលត្រឡប់មកវិញ នូវការឆ្លងជាទ្រង់ទ្រាយធំនៃមេរោគ ដ៏កាចសាហាវនេះបាន ទេ ។

សម្តេចគូសបញ្ជាក់ថា “បញ្ហានេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋរបស់យើងទាំងអស់បន្តចូលរួម អនុវត្តដោយប្រុងប្រយ័ត្ននូវ វិធានការរបស់រាជរដ្ឋាភិបាល ” ៣កុំ ៣ការពារ” និងវិធានការ សុវត្ថិភាពរបស់ ក្រសួងសុខាបាល ដើម្បីឈានទៅកាត់ផ្តាច់ទាំងស្រុង នៃការឆ្លងរីករាលដាល នៃជំងឺកូរី ១៩ ចូលសហគមន៍ ដែលកម្ពុជាយើង ធ្វើបានជោគជ័យ ក្នុងព្រឹត្តិការណ៍២៩ កម្ភៈឆ្នាំ២០២០ នាពេលកន្លងមក៕សំណាង

To Top
×