នយោបាយ

កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការបំពេញតួនាទី ជាប្រធានអាស៊ាន ខណៈលោក បៃដិន កំពុងរងចាំនៅលើទឹកដី អាមេរិក

ភ្នំពេញ៖ ក្នុងនាមជាប្រធានអាស៊ាន នៅ២០២២ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់ប្រាប់ លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេស សហរដ្ឋអាមេរិក ថា កម្ពុជាត្រៀមលក្ខណៈជាស្រេច ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ស្របពេលដែល លោក ចូ បៃដិ ប្រធានាធិបតី សហរដ្ឋអាមេរិក ក៏កំពុងរំពឹងដល់ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នាពេលឆាប់ៗខាងមុខនេះ ផងដែរ ។

ការបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយ លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១ ។

ក្នុងជំនួបនេះ លោក ប្រាក់ សុខុន បានផ្តាំផ្ញើនូវការថ្លែងអំណរគុណ ចំពោះការចូលរួម របស់ លោកប្រធានាធិបតី ចូ ចៃដិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ និងបានរំពឹងដល់ការអញ្ជើញមកបំពេញ ទស្សនកិច្ចរបស់លោក ប្រធានាធិបតី និង លោករដ្ឋមន្ត្រីការបរទេស អេនតូនី ប្លីនខេន នៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំនានា នៅក្នុងឆ្នាំ២០២២។

លោក ប្រាក់ សុខុន បញ្ជាក់ថា «កម្ពុជាត្រៀមលក្ខណៈជាស្រេច ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន និងបានគូសបញ្ជាក់ អំពីអាទិភាពនានារបស់កម្ពុជា នៅក្នុងសរសរស្តម្ភ សហគមន៍ទាំងបីរបស់អាស៊ាន»។

ប្រមុខការទូតកម្ពុជា បានសង្កត់ធ្ងន់ថា មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ជាកិច្ចខិតខំប្រឹងប្រែងដើម្បី លើកកម្ពស់ស្មារតីរបស់អាស៊ានជាគ្រួសាររួបរួមគ្នា ជាមួយឆន្ទៈខ្ពស់នៃភាព «ទាំងអស់រួមគ្នា» ក្នុង ការថែរក្សា សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

លោក ប្រាក់ សុខុន បានស្វាគមន៍ដល់ការគាំទ្រ របស់សហរដ្ឋអាមេរិកចំពោះតួនាទី របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ និងឯកសារសមិទ្ធផលនានា ដើម្បីពន្លឿនកិច្ច ខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់ អាស៊ាន។

លោក ក៏បានស្វាគមន៍ផងដែរ ចំពោះការបន្តការប្ដេជារបស់ សហរដ្ឋអាមេរិក ក្នុងការថែរក្សាឱ្យបានមជ្ឈភាពអាស៊ាន ក៏ដូចជាសន្តិភាព និងវិបុលភាពក្នុងតំបន់។

ដោយឡែកលោក Derek Chollet បានអះអាងជាថ្មីថា អាស៊ានគឺជាចំណុចស្នូល សម្រាប់គោល នយោបាយការបរទេស របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ា ឆ្នាំ២០២២។

លោក Derek Chollet បញ្ជាក់ថា «លោក ចូ បៃដិ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏កំពុងរំពឹងដល់ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នាពេលឆាប់ៗខាងមុខនេះ ផងដែរ ដែលក្នុងអំឡុងពេលនោះ ភាគីទាំងពីរ នឹងពិភាក្សាគ្នាអំពីបញ្ហា និងរបៀបវារៈជាច្រើន រួមមាន ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន អាមេរិក ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតជាដើម»។

ក្នុងជំនួបនេះភាគីទាំងពីរ កិច្ចពិភាក្សា ក៏បានគ្រូបដណ្ដប់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្ដីបារម្ភរួមផងដែរ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី កាលពីថ្ងៃទី៩ ធ្នូ បានប្រកាសថា នៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ សម្ដេចនឹងអញ្ជើញធ្វើដំណើរ ទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន-អាមេរិក ក្នុងនាមជាសហប្រធាន ជាមួយនឹងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ៕

To Top