ភ្នំពេញ៖ លោក មុត ចន្ថាមនុស្សជំនិត លោក កឹម សុខា ជាថ្មីម្តងទៀតបានបន្តហែកកេរ្តិ៍លោក សម រង្ស៊ី និងកូនចៅ ២នាក់ទៀតគឺលោក យឹម សុវណ្ណ និងលោកគី វណ្ណដារ៉ា ថា បានជាប់ពាក់ព័ន្ធលុយជិត ២លានដុល្លារ ។ ករណីនេះ អាចនឹងត្រូវប្រឈមបណ្តឹង ផ្នែកព្រហ្មទណ្ឌ។
ថវិកាជិត ២លានដុល្លារដែលលោក មុត ចន្ថានិយាយដល់នោះគឺ មូលនិធិគម្រោងទូរទស្សន៍ព្រះអាទិត្យជិត ១លានដុល្លារ , លុយគម្រោងមាតុភូមិនិវត្តន៍លើកទី១ នាថ្ងៃ៩វិច្ឆិកា ២០១៩ និងគម្រោងមាតុភូមិនិវត្តន៍លើកទី២ នាថ្ងៃ៤ឧសភា២០២១ ជាង៥០ម៉ឺនដុល្លារ និងលុយលក់ប័ណ្ណនាឡិកាដៃកាស្យូជាង ២០ម៉ឺនដុល្លារ ព្រមទាំងលុយអតីត គណបក្សសង្រ្គោះជាតិរាប់សែនដុល្លារ។ នេះបើតាមហ្វេសប៊ុកលោក មុត ចន្ថា នាថ្ងៃ១៣ ធ្នូ ។
ដោយសារការកឹបកេងលុយនេះ លោក មុត ចន្ថា បានហៅលោក សម រង្ស៊ី ថា ជាមេដឹកនាំនយោបាយទុច្ចរិត និងពុករលួយដែលឃុបឃិតគ្នា កេងប្រវ័ញ្ចលុយ។ ជនដែលកំពុងជាប់សង្ស័យ ក្នុងអំពើទុច្ចរិតកេងប្រវ័ញ្ចលុយទាំងនេះ រួមមាន លោក សម រង្ស៉ី, លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ។
លោកថា កុំតាំងខ្លួនជាមនុស្សស្អាតស្អំ ប្រើម្រាមដៃចង្អុលចោទដាក់គេថា ជនពុករលួយ តាមពិតខ្លួនឯង និងគូកនកំពុងជាប់បទសង្ស័យ យ៉ាងធ្ងន់ធ្ងរពីអំពើទុច្ចរិត និងពុករលួយដោយកេងប្រវ័ញ្ជ លួចលុយរាប់លានដុល្លារ ។
លោកឲ្យដឹងទៀតថា “ជនជាប់សង្ស័យក្នុងអំពើ ទុច្ចរិតកេងប្រវ័ញ្ចលួយលុយខាងលើ ត្រូវតែបង្វែរលុយមកវិញ ឬត្រូវប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌ រួមទាំងបក្សនយោបាយ ដែលខ្លួនគាំទ្រទាំងនយោបាយ និងទាំងហិរញ្ញវត្ថុ” ។
សូមបញ្ជាក់ថា លោក មុត ចន្ថា ជារឿយៗតែងតែ លើកឡើងពីលោក សម រង្ស៊ី និងកូនចៅថា បានកេងប្រវ័ញ្ចលុយរបស់ អតីតគណបក្សសង្រ្គោះជាតិ ហើយលោក សម រង្ស៊ីក៏បានឆ្លៀតឱកាស បង្កើតមូលនិធិជាហូរហែរ ដើម្បីប្រមូលថវិកា ក្រោមរូបភាពផ្សេងៗ តែជាក់ស្តែងយកមក ដាក់ក្នុងហៅប៉ៅផ្ទាល់ខ្លួន ៕