ភ្នំពេញ៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធសិក្សាឱ្យបានស៊ីជម្រៅអំពីបញ្ហាប្រឈមដែលបាននិងកំពុងជួបប្រទះក្នុងការដោះស្រាយវិវាទការងាររួម ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងស្វែងរកដំណោះស្រាយរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការដាក់ឱ្យដំណើរការការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។





ថ្លែងបើកវេទិកាត្រីភាគី “ស្តីពីអនាគតនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល” នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ លោក រដ្ឋមន្ត្រីក្រសួង ការងារ បានបញ្ជាក់ ថាសូមធ្វើការពិចារណាដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន និងដើម្បីផលប្រយោជន៍រួម សំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូលក្នុងការទាក់ទាញការវិនិយោគ។


វេទិកានេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ក្នុងចំនួនកំណត់ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងបើកឱ្យមានការចូលរួមតាមរយៈប្រព័ន្ធវីដេអូ (Zoom) ដោយមានការចូលរួមពីតំណាងអង្គការ ILO តំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាលនិងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មនិយោជិត និងតំណាងអ្នកបញ្ជាទិញអន្តរជាតិ។


វេទិកាត្រីភាគីនេះ គឺជាឱកាសដ៏សំខាន់ក្នុងការពិនិត្យឡើងវិញនូវសមិទ្ធផលការងារនិងបញ្ហាប្រឈមនានានៅក្នុងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការអនុវត្តយន្តការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការគាំទ្រនូវយន្តការនេះ គឺជាកត្តាដែលមិនអាចខ្វះបានដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារ, ធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, លើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនកម្មករនិយោជិត, និងធានាបាននូវនិរន្តភាពអាជីវកម្ម-ពាណិជ្ជកម្ម ព្រមទាំងទាក់ទាញការវិនិយោគនៅកម្ពុជា។


ដើម្បីចូលរួមនិងជំរុញឱ្យវេទិកានេះសម្រេចបានតាមលទ្ធផលដែលបានគ្រោងទុក លោករដ្ឋមន្ត្រី អះអាងថា នីតិវិធីដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងត្រូវបន្តអនុវត្តស្របតាមបទប្បញ្ញត្តិជាធរមាន។ ការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវអនុវត្តស្របតាមប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារ។ ហើយការដាក់ឱ្យដំណើរការជាក់ស្តែង គឺអាស្រ័យលើស្ថានភាព និងការត្រៀមខ្លួនរួចរាល់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលលើគ្រប់ទិដ្ឋភាពរួមទាំងកត្តាធនធានមនុស្ស កត្តាទីកន្លែង និងកត្តាហិរញ្ញវត្ថុ៕
